ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឲ្យពង្រឹងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ សម្រាប់ទីផ្សារក្នុងស្រុក 

២៤ កក្កដា ២០២៤ | សេដ្ឋកិច្ច

 

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកំពុងជំរុញឲ្យពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀងអាហារ និងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។

 

 

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ការលើកកម្ពស់កិច្ចសហការ សម្រាប់ការអនុវត្តប្រព័ន្ធត្រួតពិនិត្យ ម្ហូបអាហារនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព» ត្រូវបានរៀបចំឡើងក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហាយយ៉ាត់រេជិនស៊ីភ្នំពេញ។

 


លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ជាងពេលណាៗទាំងអស់ ប្រធានបទសុវត្ថិភាពម្ហូបអាហារនេះ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាបញ្ហាសំខាន់ទី១ ក្នុងចំណោមអតុល្យភាពទាំង១២ ដែលត្រូវយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយ ដែលគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ (ចាប់ពីកសិដ្ឋាន ដល់កន្លែងបរិភោគ)»។

 


ស្ថិតក្នុងបរិបទនេះ កម្ពុជាមានកាតព្វកិច្ចទទួលខុសត្រូវដើម្បីរៀបចំគោលនយោបាយនិងកម្មវិធីសម្រាប់ធានាដល់ដំណើរការអនុវត្តនិងគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រកបដោយ ប្រសិទ្ធភាព កិច្ចសហការ បរិយាបន្ន និងមានតម្លាភាព ដើម្បីឈានទៅពង្រីកសមត្ថភាពឧស្សាហកម្ម និងពាណិជ្ជកម្មម្ហូបអាហាររបស់ខ្លួនឱ្យកាន់តែមានសក្ដានុពលទៅកាន់ទីផ្សារអន្តរជាតិ សំដៅរួមចំណែកលើកស្ទួយខឿនសេដ្ឋកិច្ចជាតិ និងការពារសុខភាពប្រជាពលរដ្ឋ ។

 


សិក្ខាសាលានេះ សហការរៀបចំ ដោយក្រសួងពាណិជ្ជកម្ម និងសម្ព័ន្ធនាំចេញម្ហូបអាហារ និងកសិកម្ម (Food and Agriculture Export Alliance «FAEA») ក្រោមកិច្ចឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម នៃសហរដ្ឋអាមេរិក (US Department of Agriculture «USDA»)។ ឯកឧត្តម Andrew Herrup ភារៈធារី  នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងតំណាងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញបច្ចេកទេសពីក្រសួងស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ  វិស័យឯកជន ស្ថាប័នស្រាវជ្រាវ សមាគមអ្នកផលិតក្នុងស្រុក និងតំណាងស្ថាប័នអន្តរជាតិ  សរុបមានចំនួន២២ស្ថាប័ន និងមានអ្នកចូលរួមសរុបជាង៩០នាក់ ។

 


សូមជម្រាបថា តាមរយៈសិក្ខាសាលានេះ  និងមានសារៈសំខាន់នៃតម្រូវការធនធានសម្រាប់ធានាដល់ការអនុវត្តក្របខណ្ឌបទប្បញ្ញត្តិដ៏រឹងមាំ និងមានប្រសិទ្ធភាពស្របតាមការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព របស់អង្គការសហប្រជាជាតិ ជាពិសេសគឺផ្តោតលើការពង្រឹងប្រព័ន្ធស្បៀង និងការផ្ដល់  អាហារូបត្ថម្ភ  សុវត្ថិភាពម្ហូបអាហារ និងការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជនគ្រប់រូប៕

 

 

អត្ថបទ: ថុន សុកេតុមាលា រូបភាព: ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024