ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

កោះ តៃវ៉ាន់ ធ្វើលំហាត់បាញ់គ្រាប់ពិត លើប្រជុំកោះ ផេងហ៊ូ

២៤ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

កោះ តៃវ៉ាន់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រឆាំងនឹងការចុះចត នៅលើកោះផេងហ៊ូ (Penghu) ដែលស្ថិតនៅឆ្ងាយពីដែនដីកោះតៃវ៉ាន់នៅថ្ងៃពុធនេះ ខណៈដែលកោះនេះកំពុងត្រៀមខ្លួនសម្រាប់ការមកដល់នៃព្យុះទីហ្វុងហ្កេមី (Gaemi)នៅល្ងាចថ្ងៃពុធនេះ។

 


សមយុទ្ធបាញ់គ្រាប់ពិតនេះគឺជាថ្ងៃទីបីហើយនៃសមយុទ្ធប្រចាំឆ្នាំហានគួង (Han Kuang) ក្នុងបំណងត្រៀមខ្លួនឱ្យកាន់តែខ្លាំងសម្រាប់ការប្រយុទ្ធជាក់ស្តែងណាមួយ និងហ្វឹកហាត់ពីរបៀបវាយទប់ទល់កងទ័ពរបស់ចិនផងដែរ។ នៅលើឆ្នេរកោះ ផេងហ៊ូ កងទ័ពកោះតៃវ៉ាន់បានបើករថក្រោះបណ្ដើរ និងបាញ់គ្រាប់ពិតបណ្ដើរសំដៅទៅលើគោលដៅដែលមានភ្លើងឆេះនៅលើផ្ទៃមហាសមុទ្រ ខណៈដែលទាហានផ្សេងទៀតបានបាញ់កាំភ្លើងចល័តនៅតាមឆ្នេរសមុទ្រ។

 

 

សមយុទ្ធបាញ់គ្រាប់ពិតនេះនឹងធ្វើតែនៅលើប្រជុំកោះដាច់ស្រយាលរបស់តៃវ៉ាន់មួយចំនួនរួមមាន កោះ ឃីនម៉េន ម៉ាតស៊ូ និងកោះ ផេងហ៊ូ ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រប្រទេសចិនតែប៉ុណ្ណោះ។ នៅថ្ងៃពុធនេះដែរ តៃវ៉ាន់កំពុងត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុង ហ្កេមី ដែលនឹងធ្វើដំណើរទៅដល់កោះនេះនៅល្ងាចថ្ងៃនេះ។

 

 

ដូច្នេះហើយអាជ្ញាធរបានជូនដំណឹងដល់សមាជិកសហគមន៍នេសាទនៅកោះកេលុង (Keelung) ឱ្យប្រញាប់ប្រញាល់ឡើងគោកនៅមុនពេលព្យុះទីហ្វុងនេះមកដល់។ បើតាមរដ្ឋបាលអាកាសធាតុតៃវ៉ាន់បានឱ្យដឹងថា ព្យុះហ្កេមីនេះគឺជាព្យុះទីហ្វុងលើកដំបូងនៃរដូវកាលព្យុះភ្លៀងឆ្នាំនេះ ហើយគេរំពឹងថាវានឹងបោកបក់នៅតំបន់ឆ្នេរសមុទ្រភាគឦសាននៃកោះនេះនៅល្ងាចថ្ងៃពុធនេះ៕
 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024