ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

«កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្ត្រវ័យក្មេង លើកទី១០» បានជួបជុំគ្នា នៅក្រុងសៀមរាប

២៣ កក្កដា ២០២៤ | ព័ត៌មានជាតិ



«កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្ត្រវ័យក្មេង លើកទី១០» ត្រូវបានរៀបចំធ្វើឡើង នៅខេត្តសៀមរាប រយៈពេល ៥ថ្ងៃ ដែលមានសិស្សអនុវិទ្យាល័យ និងវិទ្យាល័យជាង ២០០នាក់ មកពីប្រទេសអាស៊ានទាំង ១០ រួមទាំង ចិន ជប៉ុន និងកូរ៉េខាងត្បូងផងដែរ ដែលបានចូលរួម។

 

 

សិស្សអនុវិទ្យាល័យ និងវិទ្យាល័យចំនួន ២២៥ នាក់ មកពីប្រទេសអាស៊ានទាំង១០ រួមទាំងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានមកជួបប្រជុំគ្នានៅក្រុងសៀមរាប ដើម្បីចូលរួម «កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០»ដែលកម្មវិធីនេះ ជាព្រឹត្តិការណ៍អប់រំប្រចាំឆ្នាំ មានគោលដៅជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ក្នុងចំណោមយុវជនដែលមានអាយុចាប់ពី១៣ ដល់ ១៥ ឆ្នាំ នៃប្រទេសអាស៊ានបូកបី។ កម្មវិធីនេះ បណ្ដុះយុវជនជំនាន់ក្រោយដែលមានចំណាប់អារម្មណ៍ក្លាយជាវិស្វករ និង អ្នកវិទ្យាសាស្ត្រ  ដោយត្រៀមពួកគេដើម្បីប្រឈមនឹងបញ្ហានាពេលអនាគត។

 

 

ថ្លែងក្នុងពិធីបើកកម្មវិធីនៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ញឹម ខេមរា ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ បាននាំយកយុវជនវ័យក្មេងពីបណ្តាប្រទេសអាស៊ានបូកបី ដើម្បីចូលរួមសិក្សាស្វែងយល់ និងបង្កើតនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនៅលើទឹកដីនៃខេត្តសៀមរាប។ កម្មវិធីនេះផ្តល់ឱកាសពិសេសមួយសម្រាប់ អ្នកដឹកនាំអនាគតរបស់យើង ដើម្បីឱ្យពួកគេបង្ហាញពីទេពកោសល្យ ផ្លាស់ប្តូរគំនិត និងសហការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។

 

 

លោកស្រីបណ្ឌិត Kanchana Wanichkorn ប្រធានផ្នែកអភិវឌ្ឍន៍វិស័យនៃលេខាធិការដ្ឋានអាស៊ាន បានលើកឡើងថា៖ «កម្មវិធីឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់រដ្ឋជាសមាជិកអាស៊ាន និងប្រទេសអាស៊ានបូកបី។ វាជាវេទិការមួយសម្រាប់ឱ្យយុវជនដែលមានទេពកោសល្យបានមកជួបជុំគ្នា និងសហការនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយលើកទឹកចិត្តឱ្យមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីត្រៀមពួកគេឱ្យក្លាយជាវិស្វករ និងអ្នកវិទ្យាសាស្ត្រដែលពោរពេញដោយសមត្ថភាពនាពេលខាងមុខ។ 

 

 

សូមបញ្ចាក់ដែរថា «កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្ត្រវ័យក្មេងលើកទី១០»នេះ ធ្វើឡើងរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលកម្មវិធីនេះត្រូវបានរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយមជ្ឈមណ្ឌលអាស៊ានបូក៣ សម្រាប់អ្នកដែលមានទេពកោសល្យក្នុងវិស័យវិទ្យាសាស្ត្រ (ACGS) ។

 

 

ដោយឡែកប្រធានបទក្នុងឆ្នាំនេះ គឺ “ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ” បង្ហាញពីតម្រូវការបន្ទាន់នៃដំណោះស្រាយនវានុវត្តន៍សម្រាប់បញ្ហាដ៏ធំបំផុតមួយរបស់ពិភពលោក គឹការប្រែប្រួលអាកាសធាតុ។លេខាធិការដ្ឋានអាស៊ានបានបន្តគាំទ្រដល់សកម្មភាពទាំងឡាយនៃកម្មវិធីនេះ ដែលស្របតាមចក្ខុវិស័យរបស់សមាគមន៍អាស៊ានឆ្នាំ២០២៥ សំដៅលើកកម្ពស់សហគមន៍មួយដែលមានភាពប្រកួតប្រជែង នវានុវត្តន៍ និងជវភាព ជាមួយនឹងកំណើនផលិតភាពដ៏រឹងមាំ៕
 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ផ្តល់ជូនដោយក្រសួងឧស្សាហកម្ម

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024