ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី០២ ខែកញ្ញា២០២៤ នាវាកងទ័ពជើងទឹកអូស្ត្រាលី០១ គ្រឿង ឈ្មោះ HMAS Perth-FFH157 (Anzac Class FFH) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ ថ្ងៃ៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាដំណើរទស្សនកិច្ច សុឆន្ទៈមកកម្ពុជា ពង្រឹងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី។
ក្នុងនាមកងទព័ជើងទឹកកម្ពុជា លោកវរនាវីឯក មាន សាវឿន នាយសេនាធិការ រងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅ ទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន០១គ្រឿងនេះ។
នាវា HMAS Perth-FFH157(Anzac Class FFH) ដឹកនាំដោយវរនាវីទោ Ben Dalton មេបញ្ជាការនាវាកងទ័ពជើងទឹក អូស្រ្តាលី ហើយក្នុងដំណើរទស្សនកិច្ចនេះ តាមកម្មវិធីគ្រោងនឹងមានពិធីជប់លៀងផ្លូវការដែលរៀបចំដោយប្រតិភូនាវានៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ កម្មវិធីចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរនិងមេបញ្ជាការមូលដ្ឋានសមុទ្ររាម សកម្មភាពដើរសន្តិភាពនិងសន្តិសុខនៅថ្ងៃទី ៣ខែកញ្ញាឆ្នាំ២០២៤ រួមជាមួយដំណើរទេសចរណ៍ និងការបង្ហាញអំពីប្រតិបត្តិការ ទូកតូចបច្ចេកទេសពន្លត់អគ្គីភ័យ កម្មវិធីប្រកួតបាល់ទះ មិត្តភាពរវាងនាយនាវី កងទ័ពជើងទឹកកម្ពុជា និងនាវិកនាវា កងទព័ជើងទឹកអូស្ត្រាលីនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។
អំពីលក្ខណៈបច្ចេកទេសនាវា៖
- នាវាឈ្មោះ PERTH - FFH 157 (Anzac Class FFH)
- មេបញ្ជាការ វរនាវីទោ BEN DALTON
- បណ្ដោយប្រវែង ១១៨ ម៉ែត្រ
- ទទឹងប្រវែង ១៤.៨ ម៉ែត្រ
- ជម្រៅទឹក ៦.៤ ម៉ែត្រ
- ទម្ងន់ផ្ទុក ៣,៩០០ តោន
- មានឧទ្ធម្មភាគចក្រ MH60-Rabbit Seahawk
- មេបញ្ជាការហោះហើរ(អាកាសយាននិក វរនាវីត្រី Patrick Mc Guire
- មាននាវិកសរុប ១៩០ នាក់(នាយនាវី ៣២ នាក់ និងនាវិក ១៥៨ នាក់)៕
អត្ថបទ៖ ហ៊ុយ ប៊ុនឡេង
រូបភាព៖ ឡេង ប៊ុននី