ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានជំនួយឧបត្ថម្ភពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ បានអភិវឌ្ឍន៍ផ្លូវជនបទ ដែលធ្លាប់តែអភិវឌ្ឍន៍ត្រឹមជាផ្លូវក្រួសក្រហម បានកែប្រែទៅជាផ្លូវបេតុងក្រាស់ល្អ កំពុងជួយលើកកម្ពស់ជីវភាពពលរដ្ឋជនបទ នៅឯខេត្តព្រែវែង។គម្រោងផ្លូវជនបទដំបូងគេកម្រិតស្តង់ដាដែលកាលពីមុនធ្លាប់តែអភិវឌ្ឍន៍ត្រឹមតែផ្លូវគ្រួសក្រហម បានកែប្រែទៅផ្លូវបេតុងកំរើសក្រាស់ កំពុងសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាកសិករយ៉ាងល្អប្រសើរ ព្រមទាំងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋថែមទៀតផង។
មេឃុំក្រ្តឿងរាយ លោក ប៉ែន ខុន បានផ្តល់កិច្ចសម្ភាសន៍ដល់ទូរទស្សន៍ភីអិនអិនឱ្យដឹងថា នៅក្នុងឃុំក្តឿងរាយ ផ្ទៃដីដាំដុះមានជាង៤ពាន់ហិកតាដែលបច្ចុប្បន្នពលរដ្ឋអាចធ្វើស្រែរហូតដល់ទៅ២ទៅ៣ដងក្នុងមួយឆ្នាំ ហើយកាលពីដើមឡើយ ផ្លូវនៅតាមជនបទ មានការលំបាកច្រើនដែលប្រជាកសិករ ពិបាកដឹកជញ្ជូនកសិផល ហើយផ្លូវដែលអភិវឌ្ឍន៍ទៅជាផ្លូវបេតុងក្រាស់ល្អនេះ កំពុងជួយលើកស្ទួយជីវភាពរបស់យ៉ាងល្អប្រសើរ។
ប្រជាកសិករដែលប្រើប្រាស់ផ្លូវនេះជាប្រចាំថ្ងៃ បានលើកឡើងថា កាលពីមុន នៅរដូវវស្សា ផ្លូវសុទ្ធតែភក់ស្អិតពិបាកធ្វើដំណើរ ហើយនៅពេលចង់ឆ្លងកាត់ ផ្លូវត្រឹមតែ៧គីឡូម៉ែត្រ ត្រូវចំនាយពេលរហូតដល់ទៅ១ម៉ោង ហើយនៅពេលមានផ្លូវល្អបែបនេះ ពួកគាត់ អះអាងថា បានជួយលើកកម្ពស់ជីវភាពពួកគាត់មួយកម្រិត។
កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់លើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍជនបទ ឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួន គឺធានាការបង្កើនប្រាក់ចំណូល សម្រាប់គ្រួសារនៅជនបទប្រកបដោយចីរភាព និង ធានាសុខុមាលភាពនៃការរស់នៅរបស់ប្រជាជននៅជនបទឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
សូមជម្រាបថា ក្នុងរយៈពេល២៧ឆ្នាំចុងក្រោយនេះ កូរ៉េខាងត្បូង បានផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជា រហូតទាល់តែសាធារណរដ្ឋកូរ៉េ បានក្លាយជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជាលំដាប់ទី៣ បន្ទាប់ពីប្រទេសចិន និងជប៉ុន។ ជាមួយគ្នានោះ សាធារណរដ្ឋកូរ៉េ ក៏កំពុងក្លាយជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មសំខាន់ឡើងជាលំដាប់របស់ប្រទេសកម្ពុជា។ លើសពីនេះ ទំហំពាណិជ្ជកម្មកូរ៉េខាងត្បូង-កម្ពុជា កើនដល់៧៥០លានដុល្លារ។ ចំពោះការវិនិយោគផ្ទាល់ពីសាធារណរដ្ឋកូរ៉េនៅកម្ពុជា មានជាង៥ពាន់លានដុល្លារ គិតមកដល់ពេលបច្ចុប្បន្ននេះ៕
អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត