ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

នាយករដ្ឋមន្ត្រី អូស្ត្រាលី សម្ដែងការគោរពចំពោះការបោះបង់ការប្រកួតប្រធានាធិបតីរបស់លោក បៃដិន

២២ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 


នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក អាល់បានីស បាននិយាយក្នុងសារវីដេអូមួយដោយបានសម្ដែងការគោរពចំពោះការសម្រេចចិត្តរបស់លោក  បៃដិន ក្នុងការបញ្ឈប់ការប៉ុនប៉ងជាប់ឆ្នោតជាថ្មី និងបានកោតសរសើរថាជា «កំណត់ត្រាដ៏អស្ចារ្យ» របស់លោក បៃដិន។ លោក អាបាល់នីស បានបន្ថែមថា លោកកំពុងទន្ទឹងរង់ចាំជួបជាមួយនឹងលោក បៃដិន នៅក្នុងកិច្ចប្រជុំកំពូលជី២០ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅចុងឆ្នាំនេះ។

សូមរំលឹកថា លោក បៃដិន កាលពីថ្ងៃអាទិត្យ បានសម្រេចបោះបង់ការប៉ុនប៉ងជាប់ឆ្នោតជាថ្មី ហើយលោកបានគាំទ្រពេញទំហឹងឱ្យអនុប្រធានាធិបតីគឺលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតនៅដើមខែវិច្ឆិកាចុងឆ្នាំនេះ។

 

 

ទោះយ៉ាងណាលោក បៃដិន អាយុ ៨១ ឆ្នាំ ដែលជាប្រធានាធិបតីទី៤៦ និងដែលចាស់ជាងគេបំផុតសម្រាប់តំណែងកំពូលមួយនេះបាននិយាយថា លោកនឹងបន្តកាន់តំណែងនេះរហូតដល់ចប់អាណត្តិនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៥។ លោកបាននិយាយថា លោកមានកិត្តិយសណាស់ដែលបានធ្វើជាប្រធានាធិបតីរបស់ពលរដ្ឋអាម៉េរិក ហើយលោកជឿថាវាជាផលប្រយោជន៍ដ៏ល្អបំផុតរបស់គណបក្ស និងសហរដ្ឋអាម៉េរិក ដែលលោកត្រូវបោះបង់ការប្រកួតនេះ និងផ្តោតតែលើតួនាទីជាប្រធានាធិបតីរហូតដល់ផុតអាណត្តិតែប៉ុណ្ណោះ។

 

 

ចំណែកលោកស្រី ហារីស បាននិយាយថា លោកស្រីមានកិត្តិយសណាស់ដែលទទួលបានការយល់ព្រមពីលោក បៃដិន សម្រាប់បេក្ខភាពប្រធានាធិបតីបែបនេះ ហើយនេះគឺជាកេរដំណែលដ៏អស្ចារ្យរបស់លោកដែលមិនអាចប្រៀបផ្ទឹមបានឡើយនៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើបនេះ ពោលគឺវាលើសពីកេរ្តិ៍ដំណែលរបស់ប្រធានាធិបតីជាច្រើនដែលបានកាន់តំណែងពីរអាណត្តិពីមុនៗមកទៀត។ ទោះយ៉ាងណា នេះជាគ្រាន់តែជាការយល់ព្រមរបស់លោក បៃដិន តែប៉ុណ្ណោះ ហើយលទ្ធផលជាក់ស្ដែង គឺត្រូវរង់ចាំមើលការបោះឆ្នោតសម្រេចចុងក្រោយនៅក្នុងសន្និបាតជាតិរបស់គណបក្សនេះនៅក្នុងខែសីហាក្រោយនេះ។

លោកស្រី ហារីស បាននិយាយថា លោកស្រីគម្រោងនឹងស្វែងរកការគាំទ្រពេញទំហឹងពីសមាជិកគណបក្សប្រជាធិបតេយ្យ ហើយប្រសិនបើជាប់ឆ្នោតជាបេក្ខជនសម្រាប់គណបក្សនេះមែន លោកស្រីអាចនឹងក្លាយជាស្ត្រីស្បែកខ្មៅកាត់អាស៊ីនិងអាម៉េរិកដំបូងគេដែលបានក្លាយជាប្រធានាធិបតីសហរដ្ឋអាម៉េរិក៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024