ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ចំណតរថយន្តក្រុង ក្លាយជាចំណតយានយន្ត បង្កការលំបាក និងធ្វើឱ្យយឺតយ៉ាវដល់រថយន្តក្រុង

១៩ កក្កដា ២០២៤ | ព័ត៌មានជាតិ


នៅលើបណ្តាញសង្គមហ្វេសបុក មានការចែករំលែក និងសម្តែងការមិនពេញចិត្ត ចំពោះការចតយានយន្ត នៅកន្លែងចំណតរថយន្តក្រុង។ បញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរឱ្យម្ចាស់យានយន្ត ផ្លាស់ប្តូរឥរិយាបថ ពោលគឺនៅចំណតរថយន្តក្រុង ដែលមានគំនូសសម្គាល់ មិនត្រូវមានយានយន្ត ចត ឬឈប់ ឬក៏ដាក់តាំងអ្វីលក់ឡើយ។


ការរិះគន់លើបណ្តាញសង្គមហ្វេសបុកយ៉ាងព្រោងព្រាត និងមតិយោបល់ ដែលបានលើកឡើងអំពីការបំពានចំណតរថយន្តក្រុងខាងលើនេះ គឺជាការជំរុញលើកចិត្តឱ្យមានការកែប្រែ ដើម្បីផ្តល់ភាពងាយស្រួលចំពោះរថយន្តក្រុង ក្នុងការចូលចតឱ្យទាន់ពេលវេលា និងបន្តដំណើរទៅចំណតផ្សេងៗ ដែលកាត់បន្ថយការពេលវេលានៃរង់ចាំរបស់អ្នកប្រើប្រាស់សេវាសាធារណៈក្រុង។


អ្នកគ្រូបង្រៀនភាសាខ្មែរ នៅអនុវិទ្យាល័យចតុមុខ លោកស្រី ទុន សំបូរ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានគិតគូរអំពីការផ្តល់សេវាសាធារណៈរថយន្តក្រុងមួយ និងសំណូមពរកុំបោះបង់ បើទោះជាបីមិនទាន់ចំណេញ និងរដ្ឋ ត្រូវចំណាយទុនច្រើន និងខាតជារៀងរាល់ខែក៏ដោយ។

 


លោកស្រី ទុន សំបូរ ដែលជាគ្រូបង្រៀនជាង ៣០ឆ្នាំទៅហើយ បានរៀបរាប់បន្តទៀតថា អ្នកគ្រូ ត្រូវបែងចែកពេលវេលាតាមរថយន្តក្រុងឱ្យត្រូវម៉ោងបង្រៀន ដោយអ្នកគ្រូ ចំណាយពេលមុន១ម៉ោង ទៅ១ម៉ោងកន្លះ ដើម្បីធ្វើដំណើរពីផ្ទះអ្នកគ្រូនៅខាងកំបូលមកបង្រៀននៅអនុវិទ្យាល័យចតុមុខ ហើយបើពេល ត្រូវត្រឡប់ទៅផ្ទះវិញ អ្នកគ្រូ ត្រូវរង់ចាំរថយន្តក្រុងរយៈពេលប្រហែល១ម៉ោងដែរ តែអ្នកគ្រូ នៅតែពេលចិត្ត ដោយសាររថយន្តក្រុងផ្តល់ផាសុខភាព សុវត្ថិភាព និងមិនត្រូវចំណាយក្នុងនាមជាមន្រ្តីរាជការ។ 

 


ក្នុងករណីដែលមានបងប្អូនមានមធ្យោបាយផ្ទាល់ដូចជាម៉ូតូ រថយន្ត អ្នកដឹកឥវ៉ាន់អនឡាញ ម៉ូតូកង់បី មកចតអាណាធិបតេយ្យលើចំណតរថយន្តក្រុងដែលបណ្តាលឱ្យរថយន្តក្រុងកាន់តែយឺតថែមទៀត ដូច្នោះលោកស្រី សំណូមពរឱ្យមានការកែប្រែទម្លាប់អាក្រក់នេះចេញ ដើម្បីជួយលើកកម្ពស់ការប្រើប្រាស់រថយន្តឱ្យកាន់ច្រើនជាងមុន។

 


ចំណែកលោកតាអាយុ៧០ឆ្នាំ មកពីខេត្តកំពង់ចាម ត្រូវមកលេងកូនចៅនៅខណ្ឌឬស្សីកែវ និងនៅក្រុងតាខ្មៅផងនោះ បានសរសើចំពោះសេវារថយន្តក្រុងដែលចេញពីគោលដៅមួយទៅគោលដៅមួយផ្សេងទៀត មិនខុសគោលដៅឡើយ ហើយលោកតាបានឆ្លៀតអរគុណសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះដែលបានគិតគូរអំពីសេវាសាធារណៈមួយនេះ។ ចំពោះការចតបំពានចំណតរថយន្តក្រុង លោកតា សុំឱ្យមានការកែប្រែ ដើម្បីជាប្រយោជន៍ទាំងអស់គ្នា។

 


គ្លីបសម្លេងលោកតា “អាហ្នឹងខ្ញុំពិបាកដែរ ពិបាកនិយាយដែរ ព្រោះការងាររបស់គេ គេរៀនចេះដឹង គេមានឡានមានអី គេគួរតែដឹងចំណតឡានអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង លោក កែវ ចាន់ណារិទ្ធិ អរគុណចំពោះប្រជាពលរដ្ឋដែលបានយកចិត្តទុកដាក់បញ្ហារថយន្តក្រុង ជាពិសេសលើបញ្ហាអ្នកបំពានទៅលើចំណតរថយន្តក្រុង ហើយលោកក៏សំណូមពរឱ្យមានការកែប្រែទម្លាប់មិនល្អនេះ ដើម្បីជាប្រយោជន៍ដល់សាធារណៈជនទូទៅ។

 


សូមជម្រាបថា សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ ចាប់ដំណើរចាប់ពីម៉ោង៥.៣០នាទីព្រឹក រហូតដល់ម៉ោង៨.៣០នាទីយប់ ហើយតម្លៃសំបុត្រត្រឹមតែ១៥០០រៀលក្នុងមួយនាក់ លើកលែងតែព្រះសង្ឃ ចាស់ជរា ជនពិការ កម្មករ កម្មការិនី គ្រូបង្រៀន សិស្ស និស្សិត និងកុមារកំពស់ក្រោមមួយម៉ែត្រ៕


 

 

អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024