ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥

ពលរដ្ឋ រស់នៅជាយក្រុង បន្តគាំទ្ររថយន្តក្រុង ដោយសារតែផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ តម្លៃសមរម្យ និងសុវត្ថិភាពខ្ពស់

១១ កក្កដា ២០២៤ | ព័ត៌មានជាតិ


ពលរដ្ឋ ដែលរស់នៅជាយក្រុង បន្តគាំទ្រ និងពេញចិត្តខ្លាំង ចំពោះសេវាសាធារណៈ គឺរថយន្តក្រុង ដោយសារសេវាសាធារណៈមួយនេះ បង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ក្នុងការធ្វើដំណើរជិតឆ្ងាយតាមតម្រូវការ តម្លៃសមរម្យ ផ្តល់ផាសុខភាព និងសុវត្ថិភាពខ្ពស់។

 


ពលរដ្ឋរស់នៅជាយរាជធានីភ្នំពេញ អ្នកខ្លះរស់នៅក្រុងតាខ្មៅ អ្នកខ្លះរស់នៅប៉ែកខាងបឹងស្នោរ និងមានអ្នកខ្លះទៀត រស់នៅខាងព្រែកព្នៅ និងតំបន់ជាយក្រុងផ្សេងៗទៀត សុទ្ធតែអះអាងស្រដៀងៗគ្នាថា តាំងពីមានសេវាសាធារណៈរថយន្តក្រុងនេះមក ពួកគាត់ ចូលចិត្តប្រើប្រាស់ និងបន្តគាំទ្រឱ្យរដ្ឋបន្តសេវាមួយនេះកុំឱ្យដាច់ ដោយសារពួកគាត់ ពិតជាមានភាពស្រួល ក្នុងការប្រើប្រាស់ រួមទាំងតម្លៃ និងសុវត្ថិភាព បើទោះសេវាមួយនេះ មិនទាន់ទទួលបានការពេញនិយមខ្លាំងក៏ដោយ។
អ្នកគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ប៊ុន រ៉ានណារ៉ាត់ បាននិយាយជាមួយទឹកមុខរីករាយ និងពេញចិត្តចំពោះសេវារថយន្តក្រុងឱ្យដឹងថា លោកស្រី រស់នៅជាយក្រុង នៅឯក្រុងតាខ្មៅឯណោះដែលមានចំងាយឆ្ងាយ ហើយបើសិនលោកស្រី បានជ្រើសរើសប្រើមធ្យោបាយខ្លួនឯងដូចជាម៉ូតូ ឬរថយន្ត លោកស្រីនឹងចំណាយច្រើន ជួនកាលអាចធុញថប់នឹងការការបើកបរ និងស្ទះចរាចរណ៍។ម្យ៉ាងទៀត ទីតាំងចំណតរថយន្តក្រុងជិតនឹងមន្ទីរពេទ្យ ។

 


ចំណែកលោកយាយ មួង ស៊ីផាត វ័យ៧៧ឆ្នាំ រស់នៅគីឡូលេខ៦ ខណ្ឌឬស្សីកែវ បាននិយាយថា មានរថយន្តក្រុង បានក្លាយជាមិត្តភ័ក្ររបស់គាត់ ដោយសារលោកយាយចង់ទៅណាក៏បាន មិនចាំបាច់លំបាកដល់កូនចៅឱ្យជូនទៅទីនេះទីនោះដែលលោកយាយចង់ទៅ ហើយម្យ៉ាងទៀត លោកយាយវ័យ៧៧ឆ្នាំ ជិះមិនគិតប្រាក់ឡើយ។
  

 

តម្លៃសមរម្យ និងងាយស្រួលចំពោះលោកស្រីដែលត្រូវមើលថែចៅៗ មកជាមួយ ហើយអ៊ុំស្រី អរគុណដល់រាជរដ្ឋាភិបាលដែលបានគិតគូរដល់ប្រជាពលរដ្ឋ បើទោះបីរថយន្តក្រុង មិនទាន់ពេញនិយមទូទៅ ដោយសារពលរដ្ឋចូលចិត្តប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន និងងាយទៅដល់ទីតាំងដែលពួកគាត់ចង់ទៅ។

 


អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ លោក កែវ ចាន់ណារិទ្ធ បានបញ្ជាក់ថា រថយន្តក្រុង ជាសេវាសាធារណៈដល់ល្អ សម្រាប់ពលរដ្ឋ ហើយរថយន្តក្រុង ត្រូវពង្រាយគោលដៅទាំង១៤ខណ្ឌ ជាពិសេសនៅជាយក្រុង ក៏ត្រូវបានគិតគូរផងដែរ។សូមជម្រាបថា តម្រាយផ្លូវរបស់រថយន្តក្រុងមានច្រើនគោលដៅទាំង១៤ខណ្ឌ ពលរដ្ឋអាចស្វែងយល់ពីតម្រាយផ្លូវនោះនៅតាមគោលដៅដែលមានចំណតរថយន្តក្រុង។ 

 

 

 

អត្ថបទ៖ តុល សុភ័ណ  រូបភាព៖ ឆិល សុភ័ស្ត

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025