ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

រថយន្តក្រុងសាធារណៈ ត្រៀមខ្លួនសម្រាប់ការបើកដំណើរការឡើងវិញ

១២ សីហា ២០២១ | ព័ត៌មានជាតិ

ការអូសបន្លាយនៃស្ថានភាពកូវីដ១៩ បានធ្វើឲ្យសេវារថយន្តក្រុងសាធារណៈ នៅមិនទាន់អាចដំណើការដឹកជញ្ជូនសាធារណជនឡើងវិញ នៅឡើយទេ។ ទោះបីជាយ៉ាងនេះក្តី ឡានក្រុង សាធារណៈនេះ បានត្រៀមខ្លួន ដើម្បីបើកជើងរថយន្ដក្រុងឡើងវិញ បន្ទាប់ពីបានស្នើសុំ និងរង់ចាំការសម្រេចពីរាជរដ្ឋាភិបាល។

 


បច្ចុប្បន្ន សេវារថយន្តក្រុងសាធារណៈនៅមិនទាន់ដំណើការដឹកជញ្ជូនឡើងវិញនៅឡើយទេ ប៉ុន្តែក្នុងពេលរាតត្បាតជំងឺកូវីដ១៩នេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបញ្ចេញរថយន្តមួយចំនួន ដើម្បីចូលរួមក្នុងសកម្មភាពដឹកអ្នកដំណើរមកពីក្រៅពីប្រទេសនៅព្រលានយន្តហោះយកទៅធ្វើចត្តាឡីស័ក។ នេះបើតាមការឲ្យដឹងពីលោក លោក ឃ្លី ណូរ៉ាក់ ប្រធានការិយាល័យរដ្ឋបាល នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង។

 


លោកបានប្រាប់ភីអិនអិនឲ្យដឹងនៅថ្ងៃទី១១ ខែសីហានេះថា ក្នុងអំឡុងពេលកូវីដ១៩ រថយន្តក្រុងដែលបានបញ្ចេញសម្រាប់ប្រើប្រាស់មានចំនួន ១២គ្រឿង ក្រៅពីនេះ រថយន្តទាំងអស់ ត្រូវបានរក្សាទុកនៅចំណត និងត្រៀមសម្រាប់ការដឹកជញ្ជូនបន្ទាន់ណាមួយទៅតាមការបញ្ជាពីរដ្ឋបាលរាជធានីភ្នំពេញ។ 


បើតាមប្រធានការិយាល័យរដ្ឋបាល នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រថយន្តទាំងអស់មានសរុបចំនួន ២៣៥គ្រឿង ក្នុងនោះ ៥៤គ្រឿងដែលមានសភាពចាស់ត្រូវបានស្នើដកចេញ  ដូច្នេះនៅសល់រថយន្តក្រុងសាធារណៈសម្រាប់ដឹកអ្នកដំណើរនៅរាជធានីភ្នំពេញសរុប ១៨១គ្រឿង។ ក្នុងនោះដែរ ភាគីជប៉ុននៅតែបន្តផ្តល់ជំនួយបច្ចេកទេសផ្សេងៗ ដូចជាការថែទាំ ជួសជុលរថយន្តជាដើម រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២។ 

 


ពាក់ព័ន្ធនឹងការបើកឲ្យសាធារណជនប្រើប្រាស់ឡើងវិញ នៅពេលណានោះ លោក ណូរ៉ាក់ បានឲ្យដឹងដែរថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានស្នើសុំទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដំណើរការឡើងវិញដែរ តែមិនទាន់បានដឹងថា ពេលណា ពិតប្រាកដ ដែល រាជរដ្ឋាភិបាល នឹងអនុញ្ញាតឲ្យប្រតិបត្តិការឡើងវិញនោះទេ។  តែលោកថា ការបើកជើងដឹកជញ្ជូន អាចនឹងធ្វើឡើងជាជំហានៗ ក្នុងខ្សែផ្លូវណាមួយ និងក្នុងកម្រិតណាមួយ។

 


មន្ត្រីជំនាញរូបនេះ បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ រដ្ឋាករស្វយ័តដឹកជញ្ជូន បានត្រៀមខ្លួន និងកំពុងអនុវត្តវិធានការការពារមេរោគ បណ្តុះបណ្តាលបុគ្គលិក និងការប្រើប្រាស់ឧបករណ៍កម្ចាត់មេរោគ របាំងការពារ ដែលជាជំនួយពីជប៉ុន ក៏ដូចជាវិធានការមួយចំនួនទៀត ដើម្បី ការពារទាំងអ្នកបើកបររថយន្តក្រុង  និងអ្នកដំណើរឲ្យមានសុវត្ថិភាពពីជំងឺកូវីដ១៩ នៅពេល ប្រតិបត្តិការឡើងវិញ៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖  និន សុខលី និងឯកសារ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024