ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

វិស័យធានារ៉ាប់រងកម្ពុជាទទួលបានផលកម្រៃ បន្តកើនឡើងដល់ជាង ៣៤២ លានដុល្លារក្នុងឆ្នាំ២០២៣

១៩ កក្កដា ២០២៤ | សេដ្ឋកិច្ច

 

អ្នកជំនាញក្នុងវិស័យធានារ៉ាប់រងបានអះអាងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅតែបន្តមានសក្តានុពលនិងអាចរក្សាបានភាពវិជ្ជមាន ៥% ក្នុងឆ្នាំនេះ។ ខណះបុព្វលាភដុលធានារ៉ាប់រងនៅកម្ពុជាបន្តកើនដល់ជាង ៣៤២ លានដុល្លារក្នុងឆ្នាំ២០២៣។ រីឯ សំណងធានារ៉ាប់កើនឡើងប្រមាណ៣២% បើធៀបទៅនឹងឆ្នាំ២០២២។ 

 

 

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឲ្យសេដ្ឋកិច្ច ភីអិនអិនដឹងថា វិស័យធានារ៉ាប់រងនៅកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ និងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ ដោយទីផ្សារធានារ៉ាប់រងនៅកម្ពុជាមានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ២០% ខណៈក្នុងឆ្នាំ២០២៣ បុព្វលាភដុលបន្តកើនឡើងដល់ជាង ៣៤២ លានដុល្លារអាមេរិក។ និងសំណងធានារ៉ាប់កើនឡើងប្រមាណ៣២% បើធៀបទៅនឹងឆ្នាំ២០២២។ 

 


បន្ថែមពីនោះ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់កម្ពុជា បានបន្តឲ្យដឹង នាឱកាសវេទិការចែករំលែកព័ត៍មានស្តីអំពី បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ជាមួយក្លឹមអ្នកការសែតកម្ពុជា ធ្វើឡើងនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ថា ក្នុងទំហំទឹកប្រាក់នៃទីផ្សារធានារ៉ាប់រងទូទៅមានរហូតដល់៤៦លានដុល្លារ ដែលមានការកើនឡើងប្រមាណជិត៤៥% បើធៀបទៅនឹងឆ្នាំ២០២២។ ដោយឡែក ៩០%នៃសំណងទូទៅវិញ គឺសម្រាប់សងទៅលើហានិភ័យនៅក្នុងប្រភេទធានារ៉ាប់រង ៣ក្រុម គឺសំណងធានារ៉ាប់សុខភាពដែលមានប្រមាណ៤៧% ធានារ៉ាប់រងលើអគ្គិភ័យ មានប្រមាណ២២% និងធានារ៉ាប់រងយានយន្តប្រមាណ២០% ៕

 


យ៉ាងណាក៏ដោយ ប្រសិនបើពិនិត្យលើសូចនាករគន្លឹះ ចំនួន២ គឺអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច និង ដង់ស៊ីតេធានារ៉ាប់រងរបស់កម្ពុជា ឃើញថាអត្រាភាគទានមានតែ ១.១៤% និងដង់ស៊ីតេមានតែ ២០.៧២ដុល្លារ សម្រាប់មនុស្សម្នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២៣ ដែលសូចនាករនេះ បញ្ជាក់ថា ទីផ្សាធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលអនាគត ប៉ុន្តែប្រឈមនឹងកត្តាមួយចំនួនដូចជា កង្វះសមត្ថភាពជំនាញធានារ៉ាប់រង និងកង្វះការយល់ដឹងរបស់សាធារណជនអំពីការធានារ៉ាប់រងជាដើម។ ខណះ ដែលសព្វថ្ងៃនេះ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងសរុប ៣៩ ក្រុមហ៊ុន។ ជាក់ស្តែង ក្រុមហ៊ុនទាំង៣៩នេះ មានទ្រព្យសកម្មចំនួន ៨៤៥លានដុល្លារ និង មានមូលនិធិភាគហ៊ុនិកចំនួន៣៨០លានដុល្លារ៕

 

 


 

 

អត្ថបទ: ថុន សុេកតុមាលា រូបភាព: អ៉ិន អាត 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025