ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនក្នុងជម្លោះនៅតំបន់ហ្កាហ្សាបានកើនឡើងដល់ ៣៨ ២៩៥ នាក់ហើយគិតត្រឹមថ្ងៃពុធ ខណៈដែលមនុស្សជិត ៨ ម៉ឺននាក់ទៀតបានរងរបួសចាប់តាំងសង្គ្រាមបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន។
ឥឡូវនេះគណៈប្រតិភូមកពីប្រទេសអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអេហ្ស៊ីបកំពុងជួបប្រជុំគ្នាក្នុងទីក្រុងដូហា ក្រោមការសម្របសម្រួលរបស់ប្រទេសកាតា សម្រាប់កិច្ចចរចាស្វែងរកបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ មន្ត្រីរបស់អ៊ីស្រាអែលបាននិយាយថា គោលបំណងនៃកិច្ចពិភាក្សាចតុភាគីនេះគឺដើម្បីបញ្ចប់សេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីបញ្ហាមួយចំនួនដែលភាគីទាំងអស់បានឯកភាពគ្នារួចមកហើយ និងបង្កើតកិច្ចព្រមព្រៀងលម្អិតមួយ ហើយនឹងពិគ្រោះគ្នាបន្ថែមទៀតពីចំណុចខ្វែងគំនិតគ្នានៅសល់ប៉ុន្មានទៀត។
សូមរំលឹកថា ភាគីទាំងអស់បានឈានដល់ការឯកភាពគ្នាអំពីដំណាក់កាលទី១នៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវអនុវត្តជា៣ដំណាក់កាលដ៏ទូលំទូលាយ។ ប៉ុន្តែអ្វីដែលនៅតែខ្វែងគំនិតគ្នាជាចម្បងនោះគឺថា ក្រុមហាម៉ាសតម្រូវឱ្យអេហ្ស៊ីប កាតា និងអាមេរិកដែលជាអ្នកសម្រុះសម្រួលត្រូវលាយលក្ខណ៍អក្សរដើម្បីធានាថាបន្ទាប់ពីបញ្ចប់ដំណាក់កាលទី១នៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយនេះហើយ ភាគីទាំងអស់នឹងបន្តការចរចាគ្នាដោយគ្មានកំណត់៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន