ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥

មេដឹកនាំតួកគីអំពាវនាវឱ្យអាម៉េរិកដាក់សម្ពាធឱ្យអ៊ីស្រាអែលបង្កើតបទឈប់បាញ់នៅហ្កាហ្សា

១៤ មិថុនា ២០២៤ | ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគីលោក តាយីប អឺដូហ្កាន កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវដល់សមាជិកក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ជាពិសេសសហរដ្ឋអាម៉េរិកឱ្យដាក់សម្ពាធលើអ៊ីស្រាអែលឱ្យទទួលយកបទឈប់បាញ់នៅហ្កាហ្សា។

 


កាលពីដើមសប្ដាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិបានបោះឆ្នោតគាំទ្រសំណើរបស់អាម៉េរិកសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា ហើយក្រុមប្រឹក្សាសន្តិសុខនេះក៏បានអនុម័តដោយដាក់ចេញការអនុវត្តជាបីតំណាក់កាលផងដែរ។

 

 

ថ្លែងនៅទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញ លោក អឺដូហ្កាន បានប្រាប់ក្រុមអ្នកាសែតថា រដ្ឋាភិបាលក្រុងអង់ការ៉ាប្រទេសតួកគីសូមស្វាគមន៍រាល់សំណើទាំងឡាយណាដែលនឹងឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សារួមទាំងសំណើរបស់អាម៉េរិកនេះផងដែរ។

 

លោក អឺដូហ្កាន បានបន្ថែមថា ជំហររបស់ទីក្រុងវ៉ាស៊ីនតោនទៅលើប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីនោះពិតជាធ្វើឱ្យតួកគីខកចិត្តយ៉ាងខ្លាំង ខណៈដែលអ៊ីស្រាអែលកំពុងបន្តការសម្លាប់រង្គាលក្នុងលក្ខណៈដ៏ព្រៃផ្សៃនៅទីនោះ។ ដូច្នេះហើយពេលនេះលោកបានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក និងសមាជិកក្រុមប្រឹក្សាសន្តិសុខដាក់សម្ពាធលើអ៊ីស្រាអែលឱ្យទទួលយកបទឈប់បាញ់នេះ ខណៈដែលក្រុមហាម៉ាសបានយល់ព្រមតាមលក្ខខណ្ឌនៃបទឈប់បាញ់នេះហើយ។ សូមរំលឹកថា មកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅហ្កាហ្សាបានឡើងដល់ជិត ៤ ម៉ឺននាក់ហើយ៕
 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025