ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ឈានចូលដល់វគ្គប្រកួតបឋមនេះ បេក្ខភាព Miss Grand Cambodia 2024 ទាំង ២៨ រួបកាន់តែមានទំនុកចិត្តលើខ្លួនឯង ក្រោយពីខំប្រឹងហ្វឹតហាត់យ៉ាងស្វិតស្វាយ ដើម្បីដណ្តើមមកុដនាវគ្គផ្ដាច់ព្រ័ត្រចុងសប្ដាហ៍នេះ ។
នៅសល់តែប៉ុន្មានថ្ងៃទៀតការប្រកួតផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 ឈានដល់វគ្គផ្តាច់ព្រ័ត្រដើម្បីរកម្ចាស់មកុដថ្មី ។ដោយឡែកនៅក្នុងការប្រកួតវគ្គប្រកួតបឋម កាលពីចុងសប្ដាហ៍មុននេះ បេក្ខភាពទាំង ២៨ នាក់ពិតជាខ្លាំងមិនធម្មតាទេ ដែលធ្វើឱ្យគណកម្មការពិបាកក្នុងការសម្រេចចិត្ត សូម្បីតែអ្នកគ្រប់គ្រងកម្មវិធីលោកស្រី អ៊ឹម សុគន្ធា ក៏បានសរសើរពីសមត្ថភាពរបស់បេក្ខភាពទាំងអស់នៅក្នុងឆ្នាំនេះ ។
អ្នកគាំទ្ររាប់ពាន់នាក់ដែលបានចូលរួមគាំទ្រនៅក្នុងវគ្គប្រកួតបឋមនាពេលកន្លងមកនៅសណ្ឋាគារ Naga world ម្នាក់ៗបានលាន់មាត់សរសើរពីការរៀបចំកម្មវិធីរបស់ស្ថាប័ន Miss Grand Cambodia 2024 គ្រប់ៗគ្នា ក្នុងនោះដែរលោកស្រី អ៊ឹម សុគន្ធា អ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia បានឱ្យដឹងផងដែរថា វគ្គប្រកួតបឋមឆ្នាំនេះមាន ២ វគ្គ គឺវគ្គប្រកួតឈុតហែលទឹក និង ឈុតរាត្រី បេក្ខភាពទាំងអស់ពិតជាមានសមត្ថភាពខ្លាំងមិនធម្មតាទេនៅក្នុងឆ្នាំនេះ ។
ពិតប្រាកដណាស់បេក្ខភាពទាំង ២៨ នាក់ដែលបានមានវត្តមាននៅក្នុងវគ្គប្រកួតបឋមនេះ ពិតជាស្រស់ស្អាត និង មានសមត្ថភាពខ្ពស់ ទាំងការណែនាំខ្លួន និង ការដើរម៉ុដ បន្ទាប់ពីទទួលបានការហ្វឹតហាត់យ៉ាងយកចិត្តទុកដាក់ពីគ្រូជំនាញៗ លោកស្រី អ៊ឹម សុគន្ធា ក៏បានបញ្ជាក់បន្ថែមពីរឿងបេក្ខភាព Miss Grand Cambodia 2024 កញ្ញា ម៉ាច ដាវី ដែលត្រូវជាប់ចូលទៅវគ្គ Top 10 ដោយស្វ័យប្រវត្តិ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាម ។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 នឹងរៀបចំឡើងនៅថ្ងៃទី ១២ ខែ កក្កដា នាប៉ុន្មានថ្ងៃខាងមុខនេះ ។ បេក្ខភាពទាំង ២៨ នាក់ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបញ្ចេញសមត្ថភាព ក្នុងការដណ្តើមមកុដ Miss Grand Cambodia 2024 ដែលមានតម្លៃរហូតដល់ទៅរាប់លានដុល្លារ ដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ។ ជូនពរបេក្ខភាពទាំងអស់ជោគជ័យក្នុងការប្រកួត ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ញិល សុជា