ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
កុមារជិត ៧០០នាក់ កំពុងព្យាបាលជំងឺទឹកនោមផ្អែម នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងទាំងនៅខេត្តសៀមរាប។ តាមវេជ្ជបណ្ឌិតឯកទេស បច្ចុប្បន្ន ជំងឺទឹកនោមផ្អែមកើតលើកុមារ កំពុងកើនឡើង ដែលក្នុងមួយឆ្នាំៗ មានប្រមាណ ២០ករណី ហើយកុមារ ដែលមានជំងឺនេះ ភាគច្រើន មានអាយុចន្លោះពី ៤ឆ្នាំ ទៅ ១៤ឆ្នាំ។
គិតមកដល់បច្ចុប្បន្ន កុមារកម្ពុជាប្រមាណជិត ៧០០នាក់ កំពុងមានជំងឺទឹកនោមផ្អែមប្រភេទ១ និងកំពុងទទួលការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា នេះបើតាមការឱ្យដឹងពីលោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។
លោកថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ជំងឺទឹកនោមផ្អែមកុមារនេះ មានការកើនឡើងដែលក្នុងមួយឆ្នាំ កើនរហូតដល់២០ករណី។ បច្ចុប្បន្ន ជំងឺនេះមានទាំងនៅមន្ទីពេទ្យគន្ធបុប្ផា ភ្នំពេញ និងសៀមរាប ចំនួន៦៩៨នាក់ ហើយក្នុងនោះនៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានចំនួន៣០៩នាក់។
បើតាមការឱ្យដឹងពីលោកសាស្ត្រាចារ្យ ឃុន លាងឈុន ដដែលប្រសិនបើកុមារត្រូវបានរកឃើញថាមានជំងឺទឹកនោមផ្អែមនេះហើយ គឺមានតែការព្យាបាលដោយការចាក់ថ្នាំអាំងស៊ុយលីនតែមួយមុខគត់។
ក្មេងកើតជំងឺនេះ ភាគច្រើនមានអាយុពី ៤-១៤ ឆ្នាំ។ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ កុមារដែលកើតមានជំងឺនេះ គឺត្រូវធ្វើការព្យាបាលមួយជីវិត តាមរយៈការចាក់ថ្នាំអាំងស៊ុយលីន។ ជំងឺទឹកនោមផ្អែម ជាជំងឺដែលកើតតាមរយៈការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម ដែលបណ្តាលមកពីការស៊ាំជាមួយអកម៉ូនអាំងស៊ុយលីន និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សំរាប់ការប្រើប្រាស់។
កុមារដែលមានជំងឺនេះ ចេញរោគសញ្ញាមួយចំនួនដូចជា ហូបច្រើន ចុះស្គម ផឹកទឹកច្រើន នោមច្រើន និងអស់កម្លាំង។ លោកសាស្រ្តាចារ្យក៏បានបន្ថែមថា ក្នុងករណីព្យាបាលមិនទាន់ពេលវរលា អាចបណ្តាលឱ្យកុមារសន្លប់ ហើយបើមិនបានព្យាបាលកុមារអាចនឹងស្លាប់បាន ដូច្នេះឪពុកម្តាយនិងអាណាព្យាបាលត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះជំងឺនេះ៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា