ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បានបិទបញ្ចប់ ដោយទទួលបានថវិកាជាង ៣.៣លានដុល្លារអាមេរិក

០៣ កក្កដា ២០២៤ | ព័ត៌មានជាតិ


យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផា ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅនេះ ដោយទទួលបានថវិកាជាង ៣.៣លានដុល្លារអាមេរិក និងមានអ្នកចូលរួមជាង ២៤ម៉ឺននាក់។ បើទោះបីជាយុទ្ធនាការនេះ ត្រូវបានបិទបបញ្ចប់ក៏ពិតមែន ប៉ុន្តែមូលនិធិគន្ធបុប្ផា នៅតែបន្តកៀរគរថវិកា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ខណៈដែលមន្ទីរពេទ្យនេះ ត្រូវការចំណាយច្រើន ដែលក្នុងមួយថ្ងៃៗ ត្រូវចំណាយថវិកាប្រមាណ ១២ម៉ឺនដុល្លារអាមរិក ក្នុងការព្យាបាលកុមារកម្ពុជា។ 

 

 

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី ៣០ ខែមិថុនាកន្លងទៅនេះ ដោយទទួលបានថវិការជាង ៣.៣លានដុល្លារអាមេរិក និងមានអ្នកចូលរួមជាង ២៤ម៉ឺននាក់ នេះបើតាមការអោយដឹងពីឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផា នៅក្នុងសន្និសិទសារព័ត៌មានស្តីពីលទ្ធផលនៃយុទ្ធនការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផា ដែលធ្វើឡើងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប នៅល្ងាចថ្ងៃទី ១ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ។ 

 


 
តាមការឱ្យដឹងពីឯកឧត្តម ចន ណារិទ្ធ យុទ្ធនាការក្នុងឆ្នាំ ២០២៤នេះ បើធៀបទៅនឹងកាលពីឆ្នាំ២០២៣ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលការកើនឡើងនេះ ក៏ដោយសារតែទទួលបានការចូលរួមកាន់តែផុសផុលពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុមហ៊ុន-សហគ្រាសតូចធំ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា ដែលសកម្មភាពឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុង «ស្មារតីខ្មែរជួយខ្មែរ» ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ កម្ពុជា។

 

 

បើទោះបីជាយុទ្ធនាការនេះ ត្រូវបានបិទបញ្ចប់ក្នុងរយៈពេលមួយខែក៏ពិតមែន ប៉ុន្តែមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀរគរការបរិច្ចាគជាប្រចាំ ព្រោះមន្ទីរពេទ្យត្រូវការចំណាយថវិកាច្រើន ដែលក្នុងមួយថ្ងៃត្រូវចំណាយប្រមាណ ១២ ម៉ឺនដុល្លារ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ។ 

 

 

គួរឱ្យដឹងដែរថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា នេះ គឺជាយុទ្ធនាការដែលត្រូវបានបានផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានកំណត់យកកាលបរិច្ឆេទចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី១ និងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

 

 

ត្បិតតែយុទ្ធនាការនេះ កំណត់យកកាលបរិច្ឆេទចាប់ផ្ដើមជាផ្លូវការ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា  ឆ្នាំ២០២៤ ប៉ុន្តែលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសអំពាវនាវនៅលើគណនីហ្វេសប៊ុកផ្លាល់ខ្លួនឱ្យសប្បុរសជនចូលរួមបរិច្ចាគ ចាប់តាំងតែពីថ្ងៃទី២៨ ខែឧសភា និងមានអ្នកចូលរួមបរិច្ចាគជាច្រើន ដោយមិនចាំដល់ថ្ងៃកំណត់ផ្លូវការឡើយ៕

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា និងឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025