ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យសមាគមសិល្បករខ្មែរ បន្តជួយដល់សិល្បករ ដែលជួបការលំបាក និងមានវ័យចាស់

០៣ កក្កដា ២០២៤ | ព័ត៌មានជាតិ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០២ ខែកក្កដានេះ។ ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យសមាគម បន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ចូលជាសមាជិកសមាគមសិល្បៈ និងជួយដល់សិល្បករ ដែលជួបការលំបាក និងមានវ័យចាស់ ដែលបាត់បង់សមត្ថភាពសម្តែង។ 

 


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យសមាគមសិល្បករខ្មែរ បន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ដោយចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់ ដែលបាត់បង់សមត្ថភាពសម្តែង។  ការលើកទឹកចិត្តនេះ បានធ្វើឡើងនៅក្នុ្ងជំនួបពិភាក្សាការងាររវាងសម្តេច និងក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០២ ខែកក្កដានេះ។

 


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យសមាគមមានការសហការ ជាមួយបណ្តាស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកក្នុងការកសាង សមាគមសិល្បៈខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងផ្តល់ឱកាសចូលរួមដល់សិល្បករ សិល្បការិនីគ្រប់ទម្រង់សិល្បៈផ្សេងៗ ទោះបីមិនមែនជាសមាជិករបស់សមាគម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសិល្បៈនៅកម្ពុជា។

 

 

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគមបន្តអនុវត្តការងារសំខាន់ៗចំនួន ៣ ដែលរួមមាន៖ (១) លើកទឹកចិត្តឱ្យសមាគមចូលរួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការសិក្សាស្រាវជ្រាវចងក្រងឯកសារគោល និងកំណត់អត្តសញ្ញាណនៃស្នាដៃសិល្បៈឱ្យបានច្បាស់លាស់ (២) ចូលរួមផ្សព្វផ្សាយនូវស្នាដៃសិល្បៈឱ្យកាន់តែទូលំទូលាយ តាមរយៈការរៀបចំបង្កើតព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗ និង (៣) បន្តជំរុញការចូលរួមអនុវត្តប្រកបដោយភាពបត់បែននូវស្នាដៃសិល្បៈវប្បធម៌ ដោយឈរលើមូលដ្ឋានជាក់លាក់ និងច្បាស់លាស់ ដើម្បីលើកកម្ពស់ និងជំរុញទីផ្សារ ដោយធានាបាននូវនិរន្តភាព និងចីរភាពនៃវិស័យសិល្បៈ ប្រកបដោយភាពច្នៃប្រឌិត ផងដែរ។

 


អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក៏បានលើកឡើងដែរថា សមាគមសិល្បករខ្មែរ បានរៀបចំផែនការសកម្មភាព និងទិសដៅការងារ ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយផ្តោតលើសកម្មភាពចំបងៗមួយចំនួន រួមមាន ការប្រមូលចងក្រងសមាជិករបស់សមាគម និងការផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់សមាជិករបស់សមាគមសិល្បករខ្មែរ តាមរយៈសេវាជួយសង្គ្រោះជិវិតសេវាជំនួយផ្នែកច្បាប់ និងវិញ្ញាបនបត្របញ្ជាក់ពីអាជីពរបស់សិល្បករ ជាដើម

 


គួរបញ្ជាក់ថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំហើយ ។ រយៈពេល១៨ឆ្នាំមកនេះ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល ៕

 

 

អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024