ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដឹកនាំ និងការកសាងប្រទេស ត្រូវការធនធានមនុស្ស ដែលរស់រវើក

១៤ មិថុនា ២០២៤ | ព័ត៌មានជាតិ

 


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ធនធានមនុស្ស ដែលរស់រវើក គឺជាទ្រព្យដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឲ្យប្រទេសអភិវឌ្ឍន៍រីកចម្រើនប្រកបដោយនិរន្តភាព និងចីរភាព។ ធនធានមនុស្ស អាចធ្វើឲ្យប្រទេសមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសដទៃផ្សេង នៅក្នុងបរិបទសកលភាវូបនីយកម្ម និងធ្វើឲ្យប្រទេសមានឯករាជ្យភាព ម្ចាស់ការក្នុងការរៀបចំសរសេរគោលនយោបាយ ដឹកនាំ និងការអភិវឌ្ឍប្រទេសដោយខ្លួនឯង។ 

 


ការដឹកនាំ និងការកសាងប្រទេសត្រូវការធនធានមនុស្សដែលរស់រវើក ក្នុងនោះធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឲ្យប្រទេសអភិវឌ្ឍន៍រីកចម្រើនប្រកបដោយនិរន្តភាព និងចីរភាព។ នេះជាការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីង ប្រមាណជាង៥០០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា នេះ។ 

 

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ធនធានមនុស្សអាចធ្វើឲ្យប្រទេសមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសដទៃផ្សេងនៅក្នុងបរិបទសកលភាវូបនីយកម្ម ,ធនធានមនុស្សអាចចាប់ឳកាសកាត់បន្ថយគម្លាតជាមួយប្រទេសផ្សេង និងធ្វើឲ្យប្រទេសមានឯករាជ្យភាព ម្ចាស់ការក្នុងការរៀបចំសរសេរគោលនយោបាយ ដឹកនាំ និងការអភិវឌ្ឍប្រទេសដោយខ្លួនឯង។ 

 


ទន្ទឹមគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ស្នើឲ្យក្រសួងអប់រំ យុវជន និង កីឡា, ដៃគូអភិវឌ្ឍ, វិស័យឯកជន និងគ្រប់អង្គ- ភាពពាក់ព័ន្ធ សហការ និងបន្តលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាល ឱ្យ កាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មអភិបាលកិច្ចគ្រប់គ្រង, ការផ្តល់សេវាបង្រៀនប្រកប ដោយគុណភាពខ្ពស់, និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាព ជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជនសម្រាប់ជាសសរទ្រូងដ៏រឹងមាំ និងពោរពេញដោយសមត្ថភាព។

 


គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ឲ្យអនុវត្ត«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដែលមានអាទិភាពគន្លឹះ ចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ។

 


ជាមួយគ្នានេះ រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្លាំងលើការកសាងមូលធនមនុស្ស ធ្វើយ៉ាងណាឱ្យមនុស្សក្លាយជាមូលធនមនុស្សពិតប្រាកដរបស់ជាតិ ពោលគឺពូកែ ចំណេះជំនាញ យ៉ាងតិចមាន១ច្បាស់លាស់ ខ្លាំង ហើយមានសុខភាពល្អ មានសីលធម៌ល្អ ជំនាញរឹង ជំនាញទន់ គ្រប់បែបយ៉ាង ដើម្បីធ្វើការឱ្យមានប្រសិទ្ធភាពខ្ពស់៕


 

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្រ្តី

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024