ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

ម៉ិកស៊ីកូ រៀបចំការប្រកួតកីឡាបោកចំបាប់ បញ្ជ្រាបការយល់ដឹងអំពីបញ្ហាអាកាសធាតុ និងបរិស្ថាន

០១ កក្កដា ២០២៤ | កីឡា

ថ្មីៗនេះនៅទីក្រុង ម៉ិកស៊ីកូស៊ីធី (Mexico City) ក្រុមកីឡាកាសនៅប្រទេស ម៉ិកសីកូ ចង់បង្ហាញកម្លាំងកាយ និងកម្លាំងចិត្តរបស់ពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ដូច្នេះ ពួកគេក៏ចូលរួមពិធីបោកចំបាប់ជាលក្ខណៈមិត្តភាពជូនទស្សនិកជនមើលកម្សាន្ត។ គោលបំណងនៃការសម្ដែងលើកនេះដើម្បីបញ្ជ្រាបការយល់ដឹងអំពីបញ្ហាអាកាសធាតុ។

 

 


កម្មវិធីនេះត្រូវបានជំរុញ និងលើកទឹកចិត្តដោយលេខាធិការដ្ឋានទេសចរណ៍នៃទីក្រុងម៉ិកស៊ីកូស៊ីធី សហការជាមួយស្ថានទូតស្វីស និងសមាគមកីឡាបោកចំបាប់ពិភពលោក។ អាកាសធាតុ និងបរិស្ថានជាបញ្ហាចោទខ្លាំងសម្រាប់ប្រទេសម៉ិកស៊ីកូ។ ឧទាហរណ៍ បញ្ហាគ្រោះរាំងស្ងួត, បញ្ហាខ្វះខាតទឹកស្អាតនៅរដ្ឋធានីម៉ិកស៊ីកូស៊ីធី និងការបាត់បង់គម្របព្រៃឈើ។

 

 

ងាកមកកីឡាកាសនេះវិញម្ដង កីឡាបោកចំបាប់តាមបែបអេស្ប៉ាញដែលមានឈ្មោះថាលូឆា.លីប្រេ (Lucha Libre) ឬមានន័យថាបោកចំបាប់ដោយសេរី ជាប្រភេទកីឡាកម្សាន្តដ៏ពេញនិយមនៅម៉ិកស៊ីកូ។ នៅក្នុងកីឡាប្រភេទនេះ គេច្រើនតុបតែងមុខមាត់របស់កីឡាករម្នាក់ៗឲ្យមានរូបរាងស្រស់ឆើតឆាយដោយពណ៌ចម្រុះ និងស្លៀកពាក់ឈុតប្លែកៗ មានពាក់ក្បាំងមុខ។

 

 

នៅមុនពេល និងអំឡុងពេលប្រកួត កីឡាករច្រើនសម្ដែងជាឈុតឆាកផ្សេងៗដើម្បីជាការផ្សែផ្សំឲ្យកម្មវិធីឲ្យរឹតតែមានបរិកាសសប្បាយរីករាយថែម១កម្រិតទៀត។ លោកហេរ៉ា(Hera) ជាកីឡាករបោកចំបាប់ និងជាសមាជិកក្រុមប្រឹក្សាបោកចំបាប់ពិភពលោកថ្លែងថា ថ្ងៃនេះ យើងមកចូលរួមយុទ្ធនាការបញ្ជ្រាបការយល់ដឹងអំពីបរិស្ថានដែលរងការខូចខាត។ លោកចង់មានន័យថាកីឡាកាស ឬកីឡាបោកចំបាប់តាមបែបអេស្ប៉ាញមិនត្រឹមតែសម្ដែងនៅលើសង្វៀនប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមឈឺឆ្អាលបញ្ហាប្រមូលសំរាម និងការថែរក្សាអនាម័យផងដែរ។

 

 

លោកម្នាក់ទៀតឈ្មោះអ៊ីវ៉ាន់.សាល់ហ្គូរ៉ូ (Ivan Salguero) ជាអ្នកធ្វើអត្ថាធិប្បាយនៅក្នុងកម្មវិធីប្រកួតបោកចំបាប់ប្រាប់ថាកីឡាបោកចំបាប់ជាផ្នែក១នៃអត្តសញ្ញាណជាតិរបស់ម៉ិកស៊ីកូ។ ហេតុនេះ ប្រជាជនម៉ិកស៊ីកូគួរណាស់ឆ្លៀតពេលចូលរួមគិតគូរទៅដល់បញ្ហាប្រែប្រួលអាកាសធាតុ។ សាររបស់យើងនៅក្នុងពេលនេះច្បាស់ៗ និងងាយស្រួលយល់។ យើងត្រូវតែខំប្រឹងស្រាយបញ្ហា និងប្រើប្រាស់ឡើងវិញរបស់ដែលអាចកែច្នៃបាន៕

 

 

ប្រែ​សម្រួល​៖ អន សំអាង


 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024