ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥

 អាង សុជាតា ស្ទើរមិនជឿលើខ្លួនឯងក្នុងភាពយន្ត”ម៉ែក្មេកខ្ញុំខ្មោច” ហ៊ានលះបង់ដល់ថ្នាក់នេះ!

១២ មិថុនា ២០២៤ | កម្សាន្ដ

 

 

ផលិតកម្ម LD បានបង្ហាញសមិទ្ធិផលថ្មីមួយទៀតហើយដែលមានចំណងជើងថា « ម៉ែក្មេកខ្ញុំខ្មោច » ជាភាពយន្តភ័យរន្ធត់និងធ្វើឱ្យមហាជនទប់សំណើចមិនបាន ជាពិសេសនោះគឺកញ្ញា អាង សុជាតា ជាតារាវ័យក្មេងស្ទើរមិនគួរឱ្យជឿលើខ្លួនឯងក្នុងរឿងខ្មោចមួយនេះ ។ 

 

 

នេះជាលើកទី ១ ដែលតារាសម្តែង អាង សុជាតា  លេចមុខក្នុងរឿង ស្នេហាយុវវ័យ បែបកំប្លែង និង ភ័យរន្ធត់ ថែមទាំងមានឈុតឆាកនៅក្នុងរឿង « ម៉ែក្មេកខ្ញុំខ្មោច » ធ្វើឱ្យកញ្ញានឹកស្មានមិនដល់ថាខ្លួនហ៊ានសម្ដែងបែបនេះបាន ។ 

 

 

រឿង « ម៉ែក្មេកខ្ញុំខ្មោច » គឺជាស្នាដៃថ្មីមួយទៀតរបស់ផលិតកម្ម LD ដែលបានរៀបចំសម្ពោធកាលពីថ្ងៃទី ១១ ខែ មិថុនាកន្លងមកនេះនៅផ្សារទំនើប ជីពម៉ុង ២៧១ ដោយមានវត្តមានសិល្បករសិល្បការិនីជាច្រើនចូលរួមអបអរសាទរ ។

 


ចំណែកតួអង្គសំខាន់នៅក្នុងរឿង « ម៉ែក្មេកខ្ញុំខ្មោច » គឺចូលរួមសម្តែងដោយកញ្ញា អាង សុជាតា ហៅ ឈូឈូ និង លោក ហេង ម៉េងឃុន អ្នកទាំងពីរគឺជាតារាសម្តែងវ័យក្មេងដ៏មានទេពកោសល្យ ។ 

 

 

រឿង « ម៉ែក្មេកខ្ញុំខ្មោច » គឺជាប្រភេទរឿងស្នេហា រ៉ូម៉ែនទិក បែបយុវវ័យ មានលាយឡំជាមួយ កំប្លែង , រន្ធត់ដែលធ្វើឱ្យអ្នកទស្សនាភ័យផង អរផង និង សើចផង នៅពេលដែលបានទស្សនាហើយ ជាក់ស្តែងតាមរយៈត្រេល័ររឿងដែលបានផុសនៅនៅលើបណ្តាសង្គម គឺពិតជាធ្វើឱ្យអ្នកគាំទ្រជាច្រើនរងចាំទស្សនារឿងនេះ ។ 

 


« ម៉ែក្មេកខ្ញុំខ្មោច » គឺនិពន្ធដោយលោក នួន បូលីន និងដឹកនាំសម្តែងដោយលោក ឌៀប សិលា ។ អ្នកទាំងពីរបានឱ្យដឹងថា រឿង « ម៉ែក្មេកខ្ញុំខ្មោច » ស្នាដៃថ្មីរបស់ផលិតកម្ម LD ដែលផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ដែលគ្រប់គ្នាមិនគួរមើលរំលង ។ 

 

 

ក្រឡេកមកមើលកញ្ញា អាង សុជាតា និងលោក ហេង ម៉េងឃុន វិញ អ្នកទាំងពីរធ្លាប់ប៉ះគ្នាម្តងរួមមកហើយ ប៉ុន្តែកាលណោះអ្នកទាំងពីរមិនធ្លាប់បានថតឈុតឆាកស្នេហាស្និទ្ធស្នាលជាមួយគ្នានោះទេ ដោយឡែកនៅក្នុងរឿងនេះវិញ អ្នកទាំងពីរបែរជាផ្លាស់ប្តូរមួយរយដឺក្រេ ធ្វើឱ្យអ្នកទស្សនាស្ទើរឈាមច្រមុះ ជាមួយឈុតឆាកស្នេហា ថើបគ្នាយ៉ាងស្និទ្ធស្នាលបំផុត ។  

 

 

រឿង « ម៉ែកក្មេកខ្ញុំខ្មោច » នឹងដាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៤ នេះតទៅ ។ ទាំងតារាសម្តែង និង អ្នកដឹកនាំរឿង សុទ្ធតែរំពឹងថា រឿង « ម៉ែក្មេកខ្ញុំខ្មោច » នឹង ផ្ទុះខ្លាំងនៅពេលដាក់បញ្ចាំង ដោយមិនចាញ់ស្នាដៃមុនៗរបស់ផលិតកម្ម LD បានផលិតនោះទេ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025