ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
លោក Charlie Saephan ដែលកំពុងរស់នៅទាំងត្រដរជាមួយនឹងជំងឺមហារីកតាំងពីឆ្នាំ២០១៦មកនោះបានឈ្នះឆ្នោតមហាសំណាងគិតជាទឹកប្រាក់ចំនួន ១ ពាន់ ៣០០លានដុល្លារពីក្រុមហ៊ុនឆ្នោតសំណាង Powerball នៅក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិកកាលពីចុងខែមេសា។
លោក Saephan មានដើមកំណើតនៅប្រទេសឡាវ ប៉ុន្តែគាត់បានផ្លាស់ទៅរស់ក្នុងប្រទេសថៃក្នុងឆ្នាំ ១៩៨៧ បន្ទាប់មកគាត់ក៏បានទៅរស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៤។
លោក Saephan បានប្រកបការងារជាជាងម៉ាស៊ីន ហើយគាត់ត្រូវបានគ្រូពេទ្យរកឃើញថាមានជំងឺមហារីកនៅក្នុងឆ្នាំ២០១៦ ហើយថ្មីៗនេះ ស្ថានភាពជំងឺរបស់គាត់បានឈានដល់ដំណាក់កាលចុងក្រោយ ដែលជាហេតុបង្ខំឱ្យក្រុមគ្រូពេទ្យប្រើសារធាតុគីមីដើម្បីព្យាបាលជំងឺរបស់គាត់។
ប៉ុន្តែថ្មីៗនេះ វាពិតជាមហាសសំណាងខ្លាំងណាស់សម្រាប់រូបគាត់ដែលបានឈ្នះឆ្នោតមហាសំណាងក្នុងទឹកប្រាក់រហូតដល់ទៅ ១ ពាន់ ៣០០ លានដុល្លារដែលជាការផ្ដល់ក្ដីសង្ឃឹម និងការលើកទឹកចិត្តឱ្យ គាត់ខំប្រឹងរស់បន្តទៀតព្រមទាំងជួយទ្រទ្រង់ការចំណាយលើថ្លៃព្យាបាលជំងឺរបស់គាត់ផងដែរ។
ចំនួនទឹកប្រាក់នៃការឈ្នះឆ្នោតសំណាងនេះនឹងត្រូវបែងចែកជាបីចំណែកជាមួយនឹងភរិយារបស់គាត់ និងមិត្តភក្តិម្នាក់ទៀតរបស់គាត់ផងដែរ ហើយនេះគឺជារង្វាន់ធំលើកទី៨ហើយនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។
អនិកជនឡាវអាមេរិករូបនេះបាននិយាយពាក់ព័ន្ធនឹងការឈ្នះរង្វាន់ធំនេះថា គាត់សូមអរគុណចំពោះព្រះជាម្ចាស់ដែលបានជួយតាមថែរក្សារូបគាត់ និងបានបង្ហាញផ្លូវគាត់ឱ្យទៅរកផ្លូវឈ្នះឆ្នោតមហាសំណាងបែបនេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន