ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤

មហាអំណាចសេដ្ឋកិច្ចចិន សម្រេចកំណើនសេដ្ឋកិច្ច ៥,៣% ក្នុងត្រីមាសទី១

១៨ មេសា ២០២៤ | សេដ្ឋកិច្ច

 

ទិន្នន័យពី ស បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានកើនឡើង ៥,៣% នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៤ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិ CCTV នៅថ្ងៃនេះ។

 

 

អគ្គនាយករងរបស់ការិយាល័យស្ថិតិជាតិចិន បានលើកឡើងនៅក្នុង សន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងថា GDP របស់ប្រទេសចិន ឈានដល ៤ទ្រីលានដុល្លារអាមេរិក ក្នុងអំឡុងពេលត្រីមាសទី ១នេះ។

 


តម្លៃបន្ថែមនៃឧស្សាហកម្មបឋម បានកើនឡើង ៣,៣% ខណៈឧស្សាហកម្មបន្ទាប់បន្សំ កើនឡើង ៦% ហើយឧស្សាហកម្មទីបី កើនឡើង ៥%។GDP របស់ប្រទេសចិន បានកើនឡើង ៥,២% កាលពីឆ្នាំមុន ហើយបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ខ្លួន នៅប្រហែល ៥% សម្រាប់ឆ្នាំ ២០២៤។

 


គោលដៅដែលបានគ្រោងទុក គឺនៅតែមិនផ្លាស់ប្តូរពី គោលដៅកំណើនកាលពីឆ្នាំមុន ហើយវាជាគោលដៅអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាល ដែលផ្តល់ដោយនាយករដ្ឋមន្ត្រីចិន ទៅកាន់សភាជាតិ ដែលបានចាប់ផ្តើមសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន។

 


នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង នាយកការិយាល័យស្រាវជ្រាវក្រុមប្រឹក្សារដ្ឋ បានចង្អុលបង្ហាញថា គោលដៅកំណើនសេដ្ឋកិច្ច ត្រូវបានកំណត់ដោយគិតគូរទាំងស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យរយៈពេលវែង។

 


សូមរម្លឹកថា ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ឈានដល់ ១៧,៧ទ្រីលានដុល្លារអាមេរិក បានកើនឡើង ៥,២% ក្នុងឆ្នាំ ២០២៣ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024