ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនក្នុងវិស័យកម្មន្តសាល នឹងធ្វើអោយសេដ្ឋកិច្ចកម្ពុជា កើនឡើងវិញក្នុងអត្រា៦% ឆ្នាំក្រោយ

១១ មេសា ២០២៤ | សេដ្ឋកិច្ច

 

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំនេះ និង ៦,០% ក្នុងឆ្នាំ ២០២៥ ដែលបានមកពីការងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនក្នុងវិស័យកម្មន្តសាល។យោងតាមរបាយការណ៍ចេញ ផ្សាយថ្ងៃនេះដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹង កើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ ២០២៤ និង ៦,០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុក ជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។

 

 

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា “ទោះបី ជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ ២០២៣ ។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែក លើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣។»

 


ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) សម្រាប់ ខែមេសា ២០២៤ បានប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥,០% ក្នុងឆ្នាំ ២០២៣។ កំណើននេះ ត្រូវបានជំរុញដោយការស្ទុះឡើងវិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍ បើប្រៀបធៀបនឹងសមិទ្ធផល ដែល វិស័យនេះសម្រេចបានក្នុងឆ្នាំ២០២២ និងកំណើនដ៏រឹងមាំដែលវិស័យកម្មន្តសាលក្រៅពី GFT បន្តសម្រេចបាន។ 

 


របាយការណ៍នេះ បានព្យាករពីកំណើនដែលនឹងមានជាបន្តទៀតសម្រាប់សេដ្ឋកិច្ចនៅឆ្នាំ ២០២៤- ២០២៥ ដោយមានការគាំទ្រកាន់តែខ្លាំងពីផលិតកម្មវិស័យកម្មន្តសាលសម្រាប់ការនាំចេញ។ អតិផរណា ជាមធ្យមប្រចាំឆ្នាំដែលមានការថយចុះមក ២,១% នៅក្នុងឆ្នាំ ២០២៣ ដោយសារមានការថយចុះនៃថ្លៃ ថាមពលអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តនៅក្នុងរង្វង់ ២,០% នៅក្នុងពេល២ឆ្នាំខាងមុខ នេះ។

 


រាជរដ្ឋាភិបាលគ្រោងអនុវត្តការពង្រឹងការគ្រប់គ្រងថវិកា (fiscal consolidation) ជាបណ្តើរៗចាប់ ពីឆ្នាំ ២០២៤ ដើម្បីស្តារឡើងវិញនូវទុនបម្រុងដែលបានស្រកចុះដោយសារការរីករាលដាលជំងឺរាតត្បាត។ប៉ុន្តែបញ្ហាប្រឈមដូចជា និន្នាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល កំណើនបំណុលឯកជន ការប្រែប្រួលថ្លៃ ថាមពល និងភាពងាយរងគ្រោះនឹងអាកាសធាតុ អាចជះឥទ្ធិពលដល់ទស្សនវិស័យរយៈពេលវែង។

 


លោកស្រី Jyotsana Varma មានប្រសាសន៍ថា៖ «បញ្ហាប្រឈមទាំងនេះបន្ថែមភាពស្មុគស្មាញ ដល់ទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែកម្ពុជាកំពុងឈានទៅមុខ ជាមួយនឹងសុទិដ្ឋិនិយមប្រកបដោយ ភាពប្រយ័ត្នប្រយែង។»

 


គួរបញ្ជាក់ដែរថា របាយការណ៍នេះ ក៏ពិភាក្សាផងដែរអំពីការរៀបចំជាយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ការឆ្លងផុត ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (Least-Developed Country) របស់អង្គការសហប្រជាជាតិ នៅឆ្នាំ ២០២៧។ ជាការសម្គាល់ ការឆ្លងផុតនេះ នឹងធ្វើអោយប្រសើរឡើងនូវស្ថានភាពកម្ពុជាលើឆាក អន្តរជាតិ និងភាពទាក់ទាញផ្នែកវិនិយោគរបស់ខ្លួន។ ប៉ុន្តែនាពេលជាមួយគ្នានេះដែរ ការឆ្លងផុតនេះ ក៏នឹងបង្កើតបញ្ហាប្រឈមមួយចំនួន ដែលនឹងកើតចេញពីការថយចុះនៃលទ្ធភាពទទួលបានកម្ចីសម្បទាន និងការអនុគ្រោះផ្នែកពាណិជ្ជកម្មនានាដល់វិស័យមួយចំនួន ដែលបានរួមចំណែកដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចខ្ពស់៕
 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024