ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ផលិតផលក្នុងស្រុកសរុបវៀតណាម ជាប់លំដាប់ថ្នាក់លេខ៥ នៅអាស៊ីអាគ្នេយ៍

១១ មេសា ២០២៤ | សេដ្ឋកិច្ច

 

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានព្យាករអំពី ផលិតផលក្នុងស្រុកសរុបរបស់វៀតណាម គឺជាប់ចំណាត់ថ្នាក់ទី ៥ នៅអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ ២០២៣កន្លងទៅ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

បើតាមការព្យាករណ៍នេះ សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៣ ជាប់ចំណាត់ថ្នាក់ស្មើប្រទេសម៉ាឡេស៊ី ដែលមានទំហំទឹកប្រាក់ ៤៣៣ពាន់លានដុល្លារ និងខ្ពស់ជាង មីយ៉ាន់ម៉ា (៧៥ពាន់លានដុល្លារ) កម្ពុជា (៣១ពាន់លានដុល្លារ) ប្រ៊ុយណេ (១៥ពាន់លានដុល្លារ) ឡាវ (១៤ពាន់លានដុល្លារ) និងទីម័រខាងកើត (២ពាន់លានដុល្លារ) ។យោងតាម IMF នៅឆ្នាំ ២០២៣ GDP នៃតំបន់អាស៊ីអាគ្នេយ៍ នឹងឈានដល់ប្រហែល ៣,៨ទ្រីលានដុល្លារអាមេរិក ដោយប្រទេសឥណ្ឌូនេស៊ី នាំមុខគេក្នុងតំបន់ ជាមួយនឹងផលិតផលក្នុងស្រុកសរុបប៉ាន់ស្មានប្រហែល ១,៤ទ្រីលានដុល្លារ។

 


ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតំបន់ ជាមួយនឹងផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៣ ចំនួន ៥១២ពាន់លានដុល្លារ ខណៈប្រទេសសិង្ហបុរី ជាប់លំដាប់ទី ៣ ជាមួយនឹងទំហំ GDP ៤៩៧ពាន់លានដុល្លារ និងហ្វីលីពីន ៤៣៥ពាន់លានដុល្លារអាមេរិក។ទិន្នន័យរបស់ IMF បង្ហាញទៀតថា ទំហំនៃ GDP សកល នៅឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថា នឹងឈានដល់ប្រហែល ១០៤ទ្រីលានដុល្លារ ដោយសហរដ្ឋអាមេរិក ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក ដែលមាន GDP ប៉ាន់ស្មានចំនួន ២៧ទ្រីលានដុល្លារ។

 


ប្រទេសចិន គឺជាមហាអំណាចសេដ្ឋកិច្ចទី ២ របស់ពិភពលោកដែលមានផលិតផលក្នុងស្រុកសរុបចំនួន ១៧ទ្រីលានដុល្លារ។ជាមួយនឹង GDP ជាង ៤៣០ពាន់លានដុល្លារ វៀតណាម បច្ចុប្បន្នជាសេដ្ឋកិច្ចធំទី ៣៥ នៅលើពិភពលោក។សូមជម្រាបថា នៅចុងឆ្នាំ ២០២៤ GDP របស់វៀតណាម ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ប្រហែល ៤៧០ពាន់លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងតំបន់៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ (Vietnam GDP)

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024