ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

Ariana Grande ជះលុយរាប់លានដុល្លារលែងលះស្វាមីក្រោយរៀបការជិត ៣ ឆ្នាំ

២១ មីនា ២០២៤ | កម្សាន្ដ

 

តារាចម្រៀងអាមេរិក Ariana Grande បានលែងលះស្វាមី Dalton Gomez ដាច់ស្រេចហើយ ខណៈនាងគឺជាភាគីបង់ប្រាក់ឱ្យអតីតស្វាមីរាប់លានដុល្លារឱ្យស្វាមី ព្រមទាំងរ៉ាប់រងថ្លៃមេធាវីផងដែរ។

 

 


សាលក្រមបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានតុលាការកំពូលនៅទីក្រុង Los Angeles ប្រកាសផ្លូវការកាលពីថ្ងៃទី១៩ ខែមីនា រយៈពេលប្រាំមួយខែបន្ទាប់ពីតារាស្រីវ័យ ៣០ ឆ្នាំរូបនេះបានដាក់ពាក្យប្ដឹងលែងលះជាមួយស្វាមីជាអ្នកជំនួញអចលនទ្រព្យវ័យ ២៨ ឆ្នាំ។

 

 


យោងតាមឯកសារតុលាការបង្ហាញថាអ្នកទាំងពីរបានបែកគ្នាជាងមួយឆ្នាំមកហើយ។ ដោយសារពួកគេមានកិច្ចព្រមព្រៀងមុនរៀបការ គ្មានកូន និងមិនមានជម្លោះផ្លូវច្បាប់ផ្សេងៗទើបធ្វើឱ្យដំណើរការលែងលះអាចបញ្ចប់បានលឿន និងស្អាតស្អំតាមប្រព័ន្ធតុលាការ។

 


ក្រោមកិច្ចព្រមព្រៀងដោយសារនាងជាភាគីប្ដឹងលែងលះ Ariana Grande (អារីអាណា ហ្កេ្រនដេ) នឹងបង់ប្រាក់តែមួយលើកចំនួន ១,២៥ លានដុល្លារទៅឱ្យ Dalton Gomez (ដេលថុន ហ្គោមេស) ដោយគ្មានប្រាក់ឧបត្ថម្ភនាពេលអនាគតឡើយ ហើយនឹងបែងចែកប្រាក់ចំណូលពីការលក់ផ្ទះនៅ Los Angeles របស់ពួកគេចំនួនពាក់កណ្ដាលឱ្យ Gomez ព្រមទាំងបង់ប្រាក់ ២៥០០០ ដុល្លារទៀតសម្រាប់ថ្លៃមេធាវី។

 

 

ដូចជាការលែងលះរបស់តារាភាគច្រើនដែរ បណ្ដឹងលែងលះរបស់ Grande បានលើកឡើងពីភាពខុសគ្នាមិនអាចផ្សះផ្សាគ្នាបានថាជាហេតុផលសម្រាប់ការចែកផ្លូវ។គូស្នេហ៍មួយគូនេះបានចាប់ផ្ដើមមានទំនាក់ទំនងស្នេហានៅខែមករា ឆ្នាំ ២០២០ និងបានប្រកាសពីការភ្ជាប់ពាក្យរបស់ពួកគេនៅក្នុងខែធ្នូឆ្នាំនោះ។ ពួកគេបានរៀបការនៅក្នុងពិធីឯកជនតូចមួយនៅផ្ទះរបស់នាងក្នុងរដ្ឋ California នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024