ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

Ariana Grande ប៉ាវដាច់ចំណាត់ថ្នាក់កំពូលៗលើតារាង Billboard

១៩ មីនា ២០២៤ | កម្សាន្ដ

 Ariana Grande បានឈរនៅលើកំពូលតារាង Billboard 200 ជាលើកទីប្រាំមួយជាមួយនឹងអាល់ប៊ុមថ្មី Eternal Sunshine ដែលកំពុងក្លាយជាអាល់ប៊ុមលក់ដាច់បំផុតក្នុងឆ្នាំ ២០២៤។

 


ផ្អែកតាមការប្រកាសរបស់ Billboard កាលពីថ្ងៃទី១៨ មីនា អាល់ប៊ុម “Eternal Sunshine” របស់តារាចម្រៀង Ariana Grande (អារីអាណា ហ្ក្រេនដេ) កំពុងគ្រងតំណែងអាល់ប៊ុមលក់ដាច់បំផុតប្រចាំឆ្នាំនៅអាមេរិក ក្រោយអាចលក់បាន ២២៧ ០០០ ឈុត (ពីរសែនពីរម៉ឺនប្រាំពីរពាន់) នៅសប្ដាហ៍ដំបូង វ៉ាដាច់អាល់ប៊ុម Vultures 1 (វ៉ុលឈើស៍ វ័ន) របស់ Kanye West (ខេនយ៉េ វ៉េស) ដែលអាចលក់បាន ១៤៨ ០០០ ឈុត (មួយសែនបួនម៉ឺនប្រាំបីពាន់) នៅសប្ដាហ៍ដំបូង។

 


Eternal Sunshine គឺជាអាល់ប៊ុមទីប្រាំមួយរបស់ស្រីតូច Ariana Grande ដែលបានជាប់លេខ១លើតារាងកំពូលអាល់ប៊ុម Billboard 200 បន្ទាប់ពីអាល់ប៊ុម Yours Truly (ចេញឆ្នាំ ២០១៣) អាល់ប៊ុម My Everything (ចេញឆ្នាំ ២០១៤), អាល់ប៊ុម Sweetener (ចេញឆ្នាំ ២០១៨), អាល់ប៊ុម thank u, next (ចេញឆ្នាំ ២០១៩) និងអាល់ប៊ុម Positions (ចេញឆ្នាំ ២០២០)។

 


ទន្ទឹមនឹងនេះបទចម្រៀងនាំមុខពីអាល់ប៊ុម “Eternal Sunshine” គឺបទ “we can’t be friends (wait for your love)” ក៏បានជាប់ចំណាត់ថ្នាក់លេខ១ផងដែរលើតារាង Billboard Hot 100 ប្រចាំសប្ដាហ៍ថ្មីនេះ បន្ទាប់ពីមានការចាក់ស្ដាប់លើវេទិកា Streaming ផ្សេងៗសរុប ៣២,៦ លានដង និងចាក់តាមវិទ្យុ ៤,៦ លានដងនៅសហរដ្ឋអាមេរិក។

 


បន្ទាប់ពីទទួលបានដំណឹងរីករាយនេះ Grande ក៏បានសរសេរសារអរគុណនៅលើគណនី Instagram របស់ខ្លួនថា៖ "ខ្ញុំមិនអាចរកពាក្យអ្វីមកបរិយាយបានទេពីអារម្មណ៍រំភើបរីករាយដែលខ្ញុំទទួលបានក្នុងសប្ដាហ៍នេះ ក្ដីស្រលាញ់គាំទ្រយ៉ាងលើសលប់របស់អ្នកគ្រប់គ្នាធ្វើឱ្យខ្ញុំមានអារម្មណ៍មានក្ដីសុខ និងថាមពលដ៏ពេញលេញ។ ចង់និយាយថាអរគុណ និងដឹងគុណអ្នករាល់គ្នាខ្លាំងបំផុត” ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024