ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ក្រុម SEVENTEEN ឈ្នះពានធំនៅកម្មវិធី Japan Gold Disc Awards 

១៣ មីនា ២០២៤ | កម្សាន្ដ



ក្រុមចម្រៀងបុរស Seventeen បានឈ្នះពានរង្វាន់ចំនួនប្រាំមួយរួមទាំងពានធំជាងគេនៅឯកម្មវិធី Gold Disc Awards ឆ្នាំ២០២៤ របស់ប្រទេសជប៉ុន។សមាគមតន្ត្រីនៃប្រទេសជប៉ុននៅថ្ងៃទី១៣ ខែមីនា នេះបានប្រកាសអំពីបញ្ជីឈ្មោះអ្នកឈ្នះពានរង្វាន់ក្នុងកម្មវិធី Japan Gold Disc Awards លើកទី៣៨ ដោយក្នុងនោះក្រុមចម្រៀង Seventeen បានឈ្នះពានរង្វាន់ច្រើនជាងគេសរុបដល់ ៦ពាន។

 


ពានរង្វាន់ដែលក្រុមចម្រៀងមានសមាជិក ១៣នាក់មួយនេះទទួលបានមានដូចជាពានរង្វាន់ធំ  “សិល្បករអាស៊ីល្អបំផុត” ដោយពានរង្វាន់នេះត្រូវបានផ្តល់ឱ្យតារាចម្រៀងដែលឈានមុខគេទាំងការលក់អាល់ប៊ុម ចំនួនអ្នកទស្សនាវីដេអូចម្រៀង និង Streaming។

 


ក្រៅពីនេះពួកគេបានឈ្នះពាន “អាល់ប៊ុមប្រចាំឆ្នាំនៅអាស៊ី” សម្រាប់អាល់ប៊ុមមានចំណងជើងថា “FML” និងពានរង្វាន់សម្រាប់អាល់ប៊ុមផ្សេងៗចំនួន ៣ ទៀត ព្រមជាមួយពានរង្វាន់ “វីដេអូចម្រៀងប្រចាំឆ្នាំ” ។

 


សិល្បករខេប៉ុបមួយចំនួនទៀតដែលបានឈ្នះពានក្នុងកម្មវិធីនេះដែរមានដូចជា ក្រុមចម្រៀងនារី Le Sserafim (ឡឺ សឺរ៉ាហ្វីម) បានទទួលរង្វាន់ “សិល្បករថ្មីប្រចាំឆ្នាំប្រចាំទ្វីបអាស៊ី” និងបានទទួលពានរង្វាន់សិល្បករថ្មីល្អបំផុតទាំង ៣ រួមគ្នាជាមួយនឹងក្រុម NewJeans (ញូជីន) និង Riize (រ៉ាយស៍)។ 

 

 

ក្រុមចម្រៀង Stray Kids (ស្ត្រេឃីដស៍) បានឈ្នះពានរង្វាន់បទចម្រៀងប្រចាំឆ្នាំសម្រាប់បទចម្រៀងភាសាជប៉ុនរបស់ពួកគេ ខណៈសមាជិក BTS Jungkook (ជុងគុក) បានឈ្នះពានរង្វាន់បទចម្រៀងដែលមានការដោនឡូតច្រើនជាងគេប្រចាំឆ្នាំតាមរយៈបទ “Seven” ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024