ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥

មាន់ដុងតាវរបស់វៀតណាមមានតម្លៃមិនធម្មតាមួយក្បាលអាចលក់បាន២០០០ដុល្លារ

២៣ កុម្ភៈ ២០២៤ | ព័ត៌មានអន្តរជាតិ

មាន់ដុងតាវ (Dong Tao) របស់វៀតណាម មិនមែនជាប្រភេទមាន់សម្លសម្រាប់ចិញ្ចឹមយកសាច់បរិភោគដូចមាន់ទូទៅទេ។ ប៉ុន្តែវាជាមាន់ពិសេសដែលមានក្រញំាដូចឥន្ទ្រីដែលគេស្គាល់ថាជាពូជមាន់ «ជើងនាគ»។ ជាច្រើនជំនាន់មកហើយ មាន់នេះជាគ្រឿងផ្សំសម្រាប់ធ្វើជាអាហារប្រណីតនៅប្រទេសវៀតណាម។ គេជឿជាក់ថាការបរិភោគមាននេះនឹងនាំមកនូវសំណាង។

 

 

 

 

ជានិច្ចកាល វៀតណាមមានជំនឿថាមាន់នេះនាំមកនូវការចម្រុងចម្រើន និងរកទទួលទានមានបាន លុយហូរចូលដូចទឹក។ វៀតណាមច្រើនប្រើប្រាស់មាន់នេះជាកាដូ ឬអំណោយនៅថ្ងៃពិសេសដូចជាថ្ងៃបុណ្យចូលឆ្នាំវៀតណាម ឬបុណ្យទែត (Tet) ។ មាន់ប្រភេទនេះនៅពេលអស់ធំវាអាចមានទម្ងន់ដល់៦គីឡូក្រាមក្នុងមួយក្បាល។ ភូមិដុងតាវ (Dong Tao) ស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រពីទីក្រុងហាណូយ។ ទីនេះជាកន្លែងចិញ្ចឹមមាន់ល្អៗ។

 

ម្ចាស់កសិដ្ឋានម្នាក់ឈ្មោះង្វៀនធីហុងញឺង (Nguyen Thi Hong Nhung) គឺជាកូនចៅជំនាន់ទីបីនៃវង្សត្រកូលអ្នកចិញ្ចឹមមាន់ប្រភេទនេះ។ អ្នកស្រីប្រាប់ថាមានជើងនាគនេះថ្វីដ្បិតងាយស្រួលចិញ្ចឹមក៏ពិតមែនដោយសារវាស៊ីចំណីដូចមាន់ទូទៅដែរ។

 

 

 

 

ប៉ុន្តែជើងដ៏មានតម្លៃរបស់វាត្រូវការការថែទាំងដោយយកចិត្តទុកដាក់។ អ្នកស្រីញឺងប្រាប់ថាសត្វមាន់ដុងតាវដែលដាក់ឈ្មោះដូចភូមិនេះដែរត្រូវគេចិញ្ចឹមរយៈពេលមួយឆ្នាំទម្រាំវាធំពេញរូបពេញរាងអាចចាប់យកទៅលក់បាន។ នៅពេលមាន់នេះកាន់តែធំ ជើងរបស់វាក៏កាន់តែធំទៅតាមហ្នឹង។

 

អ្នកស្រីនិយាយបណ្ដើរ បង្ហាញជើងមាន់បណ្ដើរដែលធំប៉ុនបាតដៃ។ មេមាន់ដុងតាវអាចជម្រុះស៊ុតបានមួយរយគ្រាប់ក្នុងមួយឆ្នាំៗ។ គ្រាន់តែជម្រុះភ្លាម ម្ចាស់ត្រូវប្រញាប់រើសទុកដោយឡែកភ្លាម។ បើមិនអីចឹងទេវាមានទម្ងន់ធ្ងន់អាចសង្កត់បែកស៊ុតទាំងនោះ។

 

ចំណែកមាន់ជល់ត្រូវតែដាក់រនាំខណ្ឌដាច់ដោយឡែកៗពីគ្នា។ បើមិនអីចឹងទេពួកវាអាចនឹងជល់គ្នាបង្ករបួសស្នាមជាមិនខាន។ សព្វថ្ងៃនេះ តម្រូវការមាន់ដុងតាវដ៏ពិសេសនេះកាន់តែច្រើន។ កាលពីមុនមានតែពួកអភិជនប៉ុណ្ណោះដែលហ៊ានទិញមាន់នេះយកទៅធ្វើម្ហូប។

 

 

 

 

សូម្បីតែឥឡូវនេះក៏ដោយ អ្នកដែលមានទ្រព្យសម្បត្តិធូរធារនិយមចូលចិត្តបរិភោគសាច់មាន់ប្រភេទនេះ។ មាន់នេះមិនមែនងាយស្រួលចិញ្ចឹមទេ។ ប៉ុន្តែបើចិញ្ចឹមបានគឺត្រូវប៉ាន់។ មាន់ខ្លះអាចលក់បាន២ពាន់ដុល្លារក្នុងមួយក្បាល។ សូម្បីតែសេដ្ឋកិច្ចធ្លាក់ចុះប៉ុណ្ណឹងក៏អាចលក់បាន៤៥០ដុល្លារដែរក្នុងមួយក្បាល។ សព្វថ្ងៃនេះនៅភូមិដុងតាវ និងភូមិជិតៗនោះចិញ្ចឹមមាន់ដុងតាវប្រហែល៨សែនក្បាល៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025