ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

តម្លៃប្រេងឆៅសកល កើនឡើងបន្តិច ដោយសារភាពតានតឹងនៃការផ្គត់ផ្គង់

២៣ កុម្ភៈ ២០២៤ | សេដ្ឋកិច្ច

 

តម្លៃប្រេងឆៅសកល ហាក់នៅកម្រិតថេរ មិនផ្លាស់ប្តូរច្រើននោះទេ ដោយកើនឡើងតែបន្តិចប៉ុណ្ណោះ ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយ បានផ្ទុះឡើងនៅមជ្ឈិមបូព៌ា ហើយពាណិជ្ជករបានវាយតម្លៃពី សញ្ញានៃភាពតឹងតែងនៃការផ្គត់ផ្គង់ រយៈពេលខ្លីខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

ជាក់ស្តែង តម្លៃប្រេងឆៅ Brent របស់អង់គ្លេស បានកើនឡើង ៦៩សេន ដល់ជាង ៨៣ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក បានកើនឡើង ៨៧សេន ដល់ជិត ៧៨ដុល្លារអាមេរិកក្នុងមួយបារ៉ែល។

 


ជាក់ស្តែង រោងចក្រចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក កំពុងបង្ហាញសញ្ញានៃការវិលត្រឡប់ពី ការជួសជុលរួចរាល់ បន្ទាប់ពីការធ្លាក់ចុះដល់អត្រាប្រតិបត្តិការទាបបំផុត ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ ដូច្នេះហើយ វានឹងជំរុញឱ្យមានការស្តុកប្រេងឆៅឡើងវិញ។

 


ការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម បានបន្តធ្វើឱ្យមានការព្រួយបារម្ភអំពី លំហូរទំនិញឆ្លងកាត់ផ្លូវទឹកដ៏សំខាន់។ជាមួយគ្នានេះ OPEC នៅក្នុងរបាយការណ៍ប្រចាំខែ បានលើកឡើងថា តម្រូវការប្រេងពិភពលោក នឹងកើនឡើងយ៉ាងរឹងមាំ ១លាន ៨សែនបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ ២០២៥ ដល់ ១០៦លានបារ៉ែលក្នុងមួយថ្ងៃ។

 


សម្រាប់ឆ្នាំ ២០២៤ អង្គការ OPEC បានឃើញកំណើនតម្រូវការ ២លាន ២សែនបារ៉ែលក្នុងមួយថ្ងៃ  ដែលមិនផ្លាស់ប្តូរពី ការព្យាករណ៍របស់ខ្លួននៅក្នុងខែធ្នូ។
ជាចុងក្រោយ ទីភ្នាក់ងារថាមពលអន្តរជាតិ រំពឹងថា ទីផ្សារប្រេងនឹងស្ថិតក្នុង ស្ថានភាពសុខស្រួល និងមានតុល្យភាព នៅឆ្នាំនេះ ទោះបីជាមានភាពតានតឹងនៅមជ្ឈិមបូព៌ាក៏ដោយ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024