ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥

វិញ្ញាសាអនុវត្តន៍កីឡា ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ត្រូវបានធ្វើឡើង ពីថ្ងៃទី២៩មករា ដល់ថ្ងៃទី៥កុម្ភៈ

៣១ មករា ២០២៤ | ព័ត៌មានជាតិ



Thumbnail: ប្រឡងវិញ្ញាសាអនុវត្តន៍កីឡា ធ្វើឡើង ពីថ្ងៃទី២៩មករា ដល់ថ្ងៃទី៥កុម្ភៈ
ការប្រឡងប្រជែងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ឆ្នាំ២០២៤ ទៅលើវិញ្ញាសាអនុវត្តន៍កីឡា កំពុងអនុវត្តទៅដោយតម្លាភាព មានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ។ ការប្រឡងអនុវត្តន៍កីឡានេះ ធ្វើឡើងចំនួន ៣វិញ្ញាសា គឺចោលដុំដែក លោតចម្ងាយ និងរត់ល្បឿន ប្រព្រឹត្តទៅរយៈពេល ៨ថ្ងៃ ចាប់ពីរសៀលថ្ងៃទី២៩មករា រហូតដល់ព្រឹកថ្ងៃទី៥កុម្ភៈ ខណៈលទ្ធផលប្រឡងរបស់បេក្ខជនទាំងអស់ គ្រោងនឹងប្រកាស នៅរសៀលថ្ងៃទី ៥កុម្ភៈតែម្តង។ 

 


វិញ្ញាសាអនុវត្តន៍កីឡា ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនជំនាញអប់រំកាយ និងកីឡា ថ្ងៃដំបូងត្រូវបានចាប់ផ្តើមចាប់ពីរសៀលថ្ងៃទី ២៩មករាម្សិលមិញនេះ ក្នុងការអនុវត្តលើវិញ្ញាសា ចំនួន៣ រួមមាន៖ វិញ្ញាសាចោលដុំដែក ទម្ងន់៥គីឡូក្រាម សម្រាប់បុរស និងទម្ងន់៣គីឡូក្រាម សម្រាប់នារី វិញ្ញាសាលោតចម្ងាយ និងវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ សម្រាប់បុរស និង៨០ម៉ែត្រ សម្រាប់នារី។

 

 

នៅក្នុងថ្ងៃដំបូងនៃការប្រឡងលើវិញ្ញាសារអនុវត្តកីឡានេះ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការមណ្ឌលប្រឡងវិញ្ញាសាអនុវត្តន៍កីឡា បានលើកឡើងថា វិញ្ញាសាអនុវត្តន៍កីឡានេះ មានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ដោយឡែកចំពោះការរៀបចំ ឯកឧត្តមថា មានតម្លាភាពត្រឹមត្រូវ និងគ្រប់វិញ្ញាសារមានការត្រួតពិនិត្យយ៉ាងហ្មតចត់ ពីគណៈមេប្រយោគ អ្នកសង្កេតការណ៍ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធ្វើយ៉ាងណា ឱ្យបេក្ខជនដែលចូលរួមប្រឡង អាចទទួលស្គាល់ពីលទ្ធផលរបស់ពួកគេដោយពេញចិត្ត។ 

 

 

 

ជាមួយគ្នានេះ កញ្ញា វិន រ៉ាជីតា ជាអ្នកសង្កេតការណ៍នៅក្នុងការប្រឡងអនុវត្តកីឡាដែលធ្វើឡើងនៅឯវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានេះ បានលើកឡើងថា ក្នុងនាមជាអ្នកសង្កេតការណ៍នៅក្នុងការប្រឡងនេះ កញ្ញាថា ពិតជារៀបចំឡើងដោយមានសុក្រឹតភាព ដោយនៅតាមទីតាំងនីមួយៗ មានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងមានបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាពបន្ថែមទៀតផង។ 

 

 

គួរឱ្យដឹងដែរថា ការប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡានេះ ឆ្នាំ២០២៤ បានរៀបចំប្រឡងដោយបែងចែកជា ២វិញ្ញាសា គឺវិញ្ញាសាសរសេរ និងវិញ្ញាសាអនុវត្តន៍កីឡា។  វិញ្ញាសាសរសេរ ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៨មករាកន្លងទៅនេះ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបេក្ខជនទាំងអស់ ត្រូវប្រឡងចំនួនបីមុខវិជ្ជារួមមាន៖ វប្បធម៌ទូទៅ ជីវវិទ្យា និងភាសារអង់គ្លេស។ ចំណែកវិញ្ញាសាអនុវត្តន៍កីឡា មានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី ៥កុម្ភៈ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយអនុវត្តន៍បី ប្រភេទកីឡា រួមមាន៖ ចោលដុំដែក លោតចម្ងាយ និងរត់ល្បឿន៕
 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ     រូបភាព៖ និន សុខលី 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025