ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ពិព័រណ៌អាពាហ៍ពិពាហ៍ លើកទី២ នឹងធ្វើឡើង នាថ្ងៃទី១៨-១៩ និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅ ដឹព្រមៀ សេនធ័រ សែនសុខ។ ក្នុងពិធីនេះ នឹងមានការរៀបចំអាពាហ៍ពិពាហ៍ ដល់គូស្រករ ដែលមិនមានលទ្ធភាព ចំនួន ៥គូ។ ការរៀបចំរៀបអាហ៍ពិពាហ៍ដល់អ្នក ដែលពុំមានលទ្ធភាព និងពុំមានឱកាស ដើម្បីរៀបការនេះ ទាំងគូស្រករ និងទាំងឪពុកម្តាយរបស់កូនកម្លោះកូនក្រមុំ បានសម្តែងនូវការរីករាយឥតឧបមា ដែលពួកគេ មិននឹកស្មានថា មានឱកាសរៀបការ នៅក្នុងកម្មវិធីធំបែបនេះទេ។
នៅក្នុងពិព័រណ៌អាពាហ៍ពិពាហ៍ លើកទី២ ដែលរៀបចំដោយ ដឹព្រេមៀ សេនធ័រសែនសុខ នៅថ្ងៃទី ១៨ ១៩ និង២០ ខែកក្កដាខាងមុខនេះ កាន់តែខិតជិតមកដល់ គូរស្រករដែលមិនមានលទ្ធភាពចំនួន ៥គូរ ក៏បានត្រៀមលក្ខណៈចូលរួមរៀបការនៅក្នុងកម្មវិធីដ៏ធំនេះ ដែលមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំធំៗជាច្រើន នៅក្នុងកម្មវិធីរបស់ពួកគេ ដែលរៀបចំ និងរ៉ាប់រងដោយ ដឹព្រេមៀ សេនធ័រសែនសុខ។
លោកស្រី ប៉ុម ឡុង មានស្រុកកំណើតនៅខេត្តតាកែវ និងកំពុងរស់នៅជាមួយកូនៗនៅរាជធានីភ្នំពេញ បានសម្រក់ទឹកភ្នែក ដោយសារកត្តាជីវភាព ស្របពេលដែលកូនៗសុទ្ធសឹងតែជាអ្នកលំបាក មិនដែលមានលទ្ធភាពរៀបចំអាពាហ៍ពិពាហ៍ស្របទៅតាមប្រពៃណីទំនៀមទម្លាប់ម្តងណាឡើង និងទទួលដំណឹងថា កូនៗរបស់លោកស្រីត្រូវបានផ្តល់ឱកាសឱ្យរៀបអាពាហ៍ពិពាហ៍នៅក្នុងពិព័រណ៌ខាងមុខនេះ ជាគូរស្រករដែលមិនមានលទ្ធភាពមួយគូរ ក្នុងចំណោម ៥គូរនៅទូទាំងប្រទេស។
ដោយឡែកកញ្ញា តាន់ ណារី ជាកូនក្រមុំមួយរូបដែលត្រូវរៀបអាពាហ៍ពិពាហ៍នៅក្នុងពិព័រណ៌ខាងមុខនេះ បានថ្លែងអំណរគុណយ៉ាងធំធេងដល់ ដឹព្រេមៀ សេនធ័រសែនសុខ ដែលបានផ្តល់ឱ្យខ្លួនរៀបការនៅក្នុងឱកាសនេះ ដែលកន្លងមកខ្លួនមិនដែលសូម្បីតែគិតពីការរៀបចំអាពាហ៍ពិពាហ៍ឱ្យបានសមរម្យ ដោយហេតុថា ជីវភាពខ្វះខាតខ្លាំង។ ចំណែកលោក ចាន់ ទូច ជាកូនកម្លោះ បានឱ្យដឹងថា លោកបានឃើញការផ្សព្វផ្សាយព័ត៌មានពីការជ្រើសរើសគូរស្រករដែលមិនមានលទ្ធភាពទៅរៀបអាពាហ៍ពិពាហ៍នៅក្នុងពិព័រណ៌អាពាហ៍ពិពាហ៍នៅក្នុងឆ្នាំនេះ និងបានសាកទាក់ទងសួរព័ត៌មាន ដោយមិនរំពឹងថា ជាប់នៅក្នុងលក្ខខណ្ឌរបស់គេនោះទេ។
សូមបញ្ជាក់ដែរថា ពិព័រណ៍អាពាហ៍ពិពាហ៍ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ១៩ និង២០ ខែកក្កដាខាងមុខនេះ នឹងកាន់តែប្លែកពីរាល់ឆ្នាំ ដែលកន្លងមក ពិព័រណ៌នេះ នាំមកនូវបណ្តុំសេវាកម្មជាច្រើនដែលបម្រើក្នុងវិស័យរោងការ ដូចជា ចុងភៅ ដេគ័រ សម្អាងការ ថតរូប ភេសជ្ជៈ ពិធីការ ពីសព្រំ គ្រឿងអលង្ការ និងតន្ត្រីសម័យជាដើម ជាមួយនឹងការផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងច្រើនពី បណ្តាសេវាកម្មរោងការទាំងអស់ដែលបានតាំងបង្ហាញសេវាកម្មរបស់ខ្លួននៅក្នុងកម្មវិធីនេះ។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានការរៀបចំអាពាហ៍ពិពាហ៍ដល់គូរស្រករដែលមិនមានលទ្ធភាពចំនួន ៥គូរថែមទៀត ព្រមជាមួយការប្រគុំតន្ត្រីខ្នាតធំ ពីតារាល្បីៗជាច្រើនរូបផងដែរ៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា