ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥
មិនបង្អង់យូរក្រោយពេលរៀបការរួចតារាសម្តែងសាច់សខ្ចី លី ម៉ារីណា ប្រកាសផ្អាកមិនទទួលការងារសម្តែងច្រើនដូចមុនទេ ដើម្បីមានពេលវេលាស្វីតៗជាមួយស្វាមី មុននឹងនាងយកកូនដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ។
តារាសម្តែង លី ម៉ារីណា រៀបការទើបតែរៀបការបានកន្លះខែប៉ុណ្ណោះ ប៉ុន្តែនាងទទួលបានការស្រឡាញ់ថ្នាក់ថ្នមខ្លាំងពីស្វាមីខ្លួន រហូតនាងសម្រេចចិត្តផ្អាកមិនទទួលថតភាពយន្តច្រើនដូចមុន ដើម្បីមានពេលវេលាស្វីតៗជាមួយស្វាមីឱ្យបានច្រើន មុននឹងនាងត្រៀមយកកូនតាមបំណងប្រាថ្នា ។
តាំងពីរៀបការរួច តារាសម្តែង និងជាតារាម៉ូដែលខ្ពស់ស្រឡះរូបនេះ បានចាប់ផ្តើមជីវិតថ្មីជាមួយស្វាមីរបស់ខ្លួន ប្រកបដោយសុភមង្គល នាងបានកប់រឿងរ៉ាវអាក្រក់ៗដែលបានកើតឡើងចំពោះខ្លួននាពេលកន្លងមកចោលអស់ ។
អ្នកនាង បាននិយាយថា ពេលនេះនាងមានគ្រួសារហើយ ត្រូវចំណាយពេលវេលាជាមួយគ្រួសារឱ្យបានច្រើន រឿងមិនល្អនាងឈប់គិត អ្វីដែលនាងត្រូវគិតនៅក្នុងពេលនេះធ្វើយ៉ាងណា ឱ្យគ្រួសារមានសុភមង្គល ហើយខំប្រឹងរកស៊ី ពង្រឹងមុខរបរខ្លួនឱ្យកាន់តែជោគជ័យ ។
ទន្ទឹមនិងការសាងជីវិតថ្មីជាមួយមនុស្សដែលខ្លួនស្រឡាញ់តារាល្បីឈ្មោះខាងលើ ក៏ត្រៀមនឹងយកកូនម្នាក់ដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍ខ្លួនជាមួយស្វាមីឱ្យកាន់តែរឹងមាំ បើទោះបីជានាងមានវ័យច្រើនបន្តិចក្តី តែនាងនៅតែប្រាថ្នាចង់បង្កើតកូនម្នាក់ទៀត សូម្បីតែស្វាមីនាងក៏មានបំណងចង់បានកូនឆាប់ៗដែរ ។
ក្រៅពីត្រៀមខ្លួនយកកូន តារាសម្តែង លី ម៉ារីណា ក៏បានប្រកាសមិនទទួលថតរឿងច្រើនដូចពេលមុនៗឡើយ ដោយសារនាងចង់ទុកពេលវេលារកស៊ី និង នៅជាមួយគ្រួសារឱ្យបានច្រើន ដូចដឹងស្រាប់ហើយថា ការថតភាពយន្ត គឺត្រូវចំណាយពេលវេលាច្រើនតាមខេត្ត និងតាមក្រុងនានា មិនមានពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្លួនឡើយ ។
លី ម៉ារីណា បានបញ្ជាក់បន្ថែមទៀតថា ក្នុងមួយឆ្នាំនាងទទួលថតតែមួយរឿងឬពីររឿងប៉ុណ្ណោះ ដើម្បីមានពេលវេលាមើលការងាររកស៊ីវិញ ពីព្រោះអាជីពសិល្បៈមិនទទួលបានប្រាក់ចំណូលច្រើននោះទេហើយក៏មិនអាចជួយគ្រូសារឱ្យធូធារបានដែរ តែដោយសារការស្រឡាញ់ និងការពេញចិត្ត នាងចេះតែប្រឹងតស៊ូក្នុងអាជីពនេះ រហូតមកដល់សព្វថ្ងៃ ។ បើតាមប្រភព័ត៌មានពីអ្នកសិទ្ធជាមួយ លី ម៉ារីណា បានបង្ហើបប្រាប់ថា លី ម៉ារីណា មិនទទួលថតរឿងច្រើនដូចមុនដោយសារស្វាមីនាងជាមនុស្សប្រចណ្ឌ ច្រើន គាត់មិនចង់ឱ្យភរិយាខ្លួនថតឈុតអោបថើប ឬប៉ះដៃប៉ះជើងជាមួយបុរសណាម្នាក់ទេ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា