ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥

សម្ភារៈសែនចូលឆ្នាំចិន លក់ដាច់ច្រើន តាំងពីចុងខែធ្នូមក

២៦ មករា ២០២៤ | ព័ត៌មានជាតិ


ខណៈបុណ្យចូលឆ្នាំចិន កាន់តែខិតជិតមកដល់សម្ភារៈតាំងលម្អ និងគ្រឿងសែន ក្នុងឱកាសនេះ លក់ដាច់ច្រើនជាងបុណ្យផ្សេងៗ។ នេះបើតាមការឱ្យដឹងពីអាជីវករលក់ដូរ។ អាជីវករលក់ដូរ នៅផ្សារអូរឫស្សី បានឱ្យដឹងថា ការលក់សម្ភារៈតាំងលម្អ និងគ្រឿងសែនចូលឆ្នាំចិននេះ គឺលក់ដាច់តាំងពីចុងខែធ្នូ ឆ្នាំ២០២៣ មកហើយ។ ឆ្នាំនេះ ប្រជាជនមានការពេញនិយមសម្ភារៈពណ៌ក្រហម ដែលជាការជឿទៅតាមហុងស៊ុយ ឆ្នាំ២០២៤។  

 


សម្ភារៈតាំងលម្អ និងគ្រឿងសែនចូលឆ្នាំចិន កំពុងមានទីផ្សារខណៈពិធីបុណ្យចូលឆ្នាំចិនកាន់តែខិតជិតមកដល់។ អាជីវករលក់ដូរលើកឡើងថា សម្ភារៈតាំងលម្អ និងគ្រឿងសែនសម្រាប់ចូលឆ្នាំចិន គឺចាប់ផ្តើមលក់ដាច់ច្រើនតាំងពីចុងខែធ្នូមក ព្រមទាំងអាចលក់បានរហូតដល់ថ្ងៃសែនចូលឆ្នាំចិនតែម្តង។ 

 


លោកស្រី តែ ស្រ៊ុនឡុង ជាអាជីវករលក់គ្រឿងសែននៅក្នុងផ្សារអូរឫស្សី បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែមករាឆ្នាំ២០២៤នេះថា ឆ្នាំនេះការលក់ដូររបស់លោកស្រីលក់ដាច់ជាងឆ្នាំមុនទៅទៀត ដោយសង្កេតឃើញថា ប្រជាជនខ្មែរមានសែស្រឡាយចិនកាន់តែច្រើន។ លោកស្រីថា រដូវបុណ្យចូលឆ្នាំចិន ការលក់ដូររបស់លោកស្រីលក់ដាច់ច្រើនជាងរដូវបុណ្យផ្សេងៗ។ 

 

 

ចំណែកលោកស្រី ម៉ូ ម៉ូលីកា ជាអ្នកលក់ផ្កានៅផ្សារអូរឫស្សីក៏បានលើកឡើងដែរថា ស្ថានភាពនៃការលក់របស់លោកស្រី គឺអាចលក់បានច្រើនជាងមុន ហើយចំពោះលោកស្រីដែលជាអ្នកលក់ផ្កាជាង ២០ឆ្នាំមកនេះ លោកស្រីថា មានតែពិធីបុណ្យចូលឆ្នាំចិនទេដែលមានភ្ញៀវមកទិញផ្កាច្រើនជាងគេ។ 

 

 

ក្រុមអាជីវករក៏រំពឹងថា ក្នុងពិធីបុណ្យចូលឆ្នាំចិនដែលនឹងមកដល់នៅថ្ងៃទី ៩ ខែកុម្ភៈខាងមុខនេះ  ការលក់ដូររបស់ពួកគេអាចលក់បានច្រើនជាងរាល់ឆ្នាំ ដោយហេតុថា ស្ថានភាពប្រជាជនបច្ចុប្បន្នក៏មានភាពប្រសើរជាងមុន ព្រមទាំងជំនឿរបស់ប្រជាជនកម្ពុជាទៅលើហុងស៊ុយទៀតសោតក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ៕
 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ និន សុខលី 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025