ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ថៃ ទម្លាក់ការព្យាករការទទួលអ្នកដំណើរចិន នៅឆ្នាំ២០២៤

៣០ ​វិច្ឆិកា ២០២៣ | សេដ្ឋកិច្ច

 

អ្នកវិភាគអះអាងថា គោលដៅរបស់អាជ្ញាធរទេសចរណ៍ថៃ ក្នុងការទាក់ទាញអ្នកដំណើរជនជាតិចិនចំនួន ៨លាន ២សែននាក់នៅឆ្នាំ ២០២៤ គឺជា គោលដៅដែលមានការប្រកួតប្រជែងខ្លាំង ខណៈដែលពួកគេ បានកាត់បន្ថយការព្យាករណ៍ សម្រាប់ការមកដល់របស់អ្នកដំណើរបរទេសសរុប នៅឆ្នាំក្រោយ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។

 

 

ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន CGS-CIMB Securities បានរក្សាការព្យាករណ៍របស់ខ្លួន ដោយរំពឹងអ្នកដំណើរបរទេសចំនួន ២៧លាននាក់នៅឆ្នាំនេះ ប៉ុន្តែបានកាត់បន្ថយការព្យាករណ៍សម្រាប់ឆ្នាំ ២០២៤ ពី ៣៦ លានមកត្រឹម ៣២លាននាក់។

 


ជាក់ស្តែង ទោះបីជាមានកម្មវិធីលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ដែលចាប់ផ្តើមពីថ្ងៃទី ២៥ ខែកញ្ញាឆ្នាំនេះ រហូតដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ចំនួនអ្នកដំណើរមកពី ប្រទេសចិន មានជាមធ្យមប្រហែល ៩ពាន់នាក់ក្នុងមួយថ្ងៃ ដែលតួលេខនេះ គឺទាប បើធៀបនឹង ៣ម៉ឺនជារៀងរាល់ថ្ងៃ ក្នុងឆ្នាំ ២០១៩។

 


កាលពីខែតុលា ជនជាតិចិនចំនួន ២៨ម៉ឺននាក់ បានមកលេងប្រទេសថៃ ស្មើនឹង ៣៣% នៃចំនួនអ្នកមកដល់ចំនួន ៨៥ម៉ឺននាក់ ដែលបានកត់ត្រាក្នុងខែតុលា ឆ្នាំ ២០១៩។យោងតាម អាជ្ញាធរទេសចរណ៍ថៃ ការចុះខ្សោយនៃភ្ញៀវទេសចរចិន ត្រូវបានសន្មតថា គឺមកពី ប្រទេសចិន ចាប់ផ្តើមផ្តោតលើ ទេសចរណ៍ក្នុងស្រុក។

 


យ៉ាងណាមិញ អាជ្ញាធរទេសចរណ៍ថៃ រំពឹងថានឹងមានភ្ញៀវទេសចរចិនចំនួន ៤លាននាក់នៅឆ្នាំនេះ និង ៨លាន ២សែននាក់ក្នុងឆ្នាំ ២០២៤ ដែលតួលេខនេះ គឺមានការប្រកួតប្រជែងខ្លាំង។គួរជម្រាបថា អាជ្ញាធរទេសចរណ៍ថៃ  កំណត់គោលដៅភ្ញៀវបរទេសពី ២៥ ទៅ ៣០លាននាក់នៅឆ្នាំនេះ និង ៣៥លាននាក់នៅឆ្នាំ ២០២៤៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024