ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
កម្មវិធីពានរង្វាន់ដ៏ល្បីល្បាញរបស់ខេប៉ុបគឺ Mnet Asian Music Awards ត្រូវបានប្រារព្ធនៅទីក្រុងតូក្យូ ប្រទេសជប៉ុនជាលើកដំបូងដោយមានវត្តមានក្រុមចម្រៀងខេប៉ុបល្បីៗជាច្រើនចូលរួម ព្រមទាំងតារាចម្រៀងជប៉ុនផងដែរ។
ក្រុមចម្រៀងខេប៉ុបល្បីៗដូចជាក្រុម Treasure, TXT, INI, RIIZE (រ៉ាយស៍) និង TVXQ ជាដើមបានបង្ហាញមុខលើកម្រាលព្រំក្រហមនៃកម្មវិធី Mnet Asian Music Awards ហៅកាត់ MAMA ថ្ងៃទី១ ដែលបានប្រារព្ធឡើងនៅពហុកីឡដ្ឋាន Tokyo Dome កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ខណៈកម្មវិធីថ្ងៃទី២ ដែលជាថ្ងៃចុងក្រោយនឹងប្រារព្ធឡើងនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកានេះ។
នេះជាលើកដំបូងក្នុងរយៈពេល ២៤ឆ្នាំនៃប្រវត្តិសាស្ត្ររបស់កម្មវិធី MAMA ដែលបានប្រារព្ធឡើងនៅប្រទេសជប៉ុន ហើយមិនខុសពីរាល់ៗឆ្នាំទស្សនិកជនមកពីគ្រប់ទិសទីបានមកចូលរួមខណៈសំបុត្រចូលទស្សនាទាំង២ថ្ងៃត្រូវបានលក់អស់គ្មានសល់។
សម្រាប់ជយលាភីពានរង្វាន់ដែលត្រូវបានប្រកាសក្នុងថ្ងៃទីមួយនោះមានដូចជាពានរង្វាន់ Worldwide Icon of the Year បានទៅលើក្រុម BTS, ពានរង្វាន់ Worldwide Fan's Choice ចំនួន ១០បានទៅលើក្រុម ATEEZ (អេធីស), BTS, ENHYPEN (អ៊ីនហាយហ្វិន), Lim Young Woong (លីម យ៉ុងវូង), NCT Dream, Seventeen, Stray Kids, TWICE (ថ្វាយស៍), TXT និង ZEROBASEONE (ហ្សេរ៉ូបេសវ៉ាន់) ខណៈពានរង្វាន់សិល្បករថ្មីបានទៅលើក្រុមចម្រៀងប្រុស RIIZE (រ៉ាយស៍) និងក្រុមចម្រៀងស្រី ZEROBASEONE។
ពានរង្វាន់ក្រុមចម្រៀងនារីអាស៊ីពេញនិយមបានលើក្រុម Kep1er (ខេបភ្លើ) និងផ្នែកបុរសបានទៅលើក្រុម INI ខណៈពានរង្វាន់សិល្បករអាស៊ីពេញនិយមបានទៅលើតារាចម្រៀងជប៉ុន Yoshiki (យ៉ូស្ហិគិ)។ រីឯក្រុមចម្រៀងជើងចាស់ TVXQ បានទទួលពានរង្វាន់សមិទ្ធផលគួរឱ្យស្ងើចសរសើរ៕
ប្រែសម្រួល៖ វ៉ាន់ថន