ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញគម្រោងវិនិយោគ ២៣១គម្រោង និងដើមទុនប្រមាណ ១,៥ពាន់លានដុល្លារ

២៣ ​វិច្ឆិកា ២០២៣ | សេដ្ឋកិច្ច

 

គិតត្រឹមខែសីហា ឆ្នាំ ២០២៣នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញគម្រោងវិនិយោគ ២៣១គម្រោង និងដើមទុនវិនិយោគប្រមាណ ១ពាន់ ៥រយលានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ពី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 

 

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចាប់ផ្តើមដំណើរការកាលពីខែមីនា ឆ្នាំ ២០០៨ ហើយមកទល់នឹង ខែសីហា ឆ្នាំ ២០២៣នេះ គឺមានគម្រោងវិនិយោគសរុប ២៣១គម្រោង ក្នុងនោះគម្រោង មានដំណើរការសកម្មភាពចំនួន ១០៤គម្រោង។

 


មុខសញ្ញានៃការវិនិយោគមានដូចជា៖ សំបកកង់រថយន្ត បន្ទះសូឡា សម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត បរិក្ខារពេទ្យ គ្រឿងសង្ហារឹម សម្ភារៈការិយាល័យ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈការពារអគ្គីភ័យ សម្លៀកបំពាក់ ស្បែកជើង កាបូប វ៉ាលីជាដើម។

 


ទុនវិនិយោគគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនេះ គឺប្រមាណ ១ពាន់ ៥រយលានដុល្លារអាមេរិក និងផ្តល់ឱកាសការងារប្រមាណ ២ម៉ឺន ៥ពាន់កន្លែង។តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានផ្ទៃដីសរុបទំហំជាង ១ពាន់ហិកតា និងមានទីតាំងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 


សូមជម្រាបដែរថា បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤ ដែលដំណើរការនៅទូទាំងប្រទេស មានក្រុមហ៊ុនចំនួន ៦៥៥ កំពុងដំណើរការជាមួយទុនវិនិយោគសរុបជាង ៨ពាន់លានដុល្លារអាមេរិក ដោយផ្តល់ការងារដល់កម្មករប្រមាណ ១៧ម៉ឺននាក់ ខណៈ ៩០% នៃតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រមិនមែនកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024