ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
(ភ្នំពេញ)៖ វិញ្ញាសាប្រកួតជាក្រុមអាយុក្រោម១៥របស់កម្ពុជា នាព្រឹកថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៣នេះ ឈ្នះត្រឹមមេដាយប្រាក់ប៉ុណ្ណោះ ក្រោយចាញ់ប្រទេសមីយ៉ាន់ម៉ានៅក្នុងវគ្គផ្តាច់ព្រ័ត្រប្រជែងដណ្តើមមេដាយមាស ក្នុងការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ក្រោមអាយុ១៥និង១៧ឆ្នាំ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នៅក្នុងកីឡដ្ឋានជាតិមរតកតេជោ ។ឯកឧត្តម ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រសាសន៍ថា លទ្ធផលមេដាយប្រាក់ដែលក្រុមវាយសីកម្ពុជាអាយុក្រោម១៥ឆ្នាំ ប្រជែងដណ្តើមបានក្នុងព្រឹត្តិការណ៍កម្រិតតំបន់នេះ វាជាលទ្ធផលល្អមួយសម្រាប់ក្រុមកីឡាវាយសីវ័យក្មេងកម្ពុជា ព្រោះថា ពួកគាត់ទើបតែមានអាយុ១៣ទៅ១៤ប៉ុណ្ណោះ និងទើបតែចូលហ្វឹកហាត់ដែរ។
លទ្ធផលមេដាយប្រាក់នេះ បានសរបញ្ជាក់ឲ្យឃើញថា ពួកកាត់លេងបានល្អ និងខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ណាស់ ដើម្បីដណ្តើមជ័យជំនះជូនកម្ពុជា។ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ដែលយើងទទួលធ្វើជាម្ចាស់ផ្ទះលើកទី១នេះ គឺជាការប្រកួតមួយដែលជួយពង្រឹងសមត្ថភាព និងបទពិសោធន៍ដល់កីឡាករវាយសីវ័យក្មេងកម្ពុជាឲ្យមានទឹកចិត្តមោះមុតក្លាហាន មិនថាការប្រកួតកម្រិតធំអន្តរជាតិបែបណាក៏ដោយ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកដំបូងនៅកម្ពុជានេះ គឺមានអត្តពលិកប្រមាណ ៧០នាក់មកពី ៥ប្រទេសចូលរួម មានដូចជា ឡាវ មីយ៉ាន់ ទីម័រ ព្រុយណេនិងកម្ពុជាម្ចាស់ផ្ទះ ដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈទស្សនិកជនអាចចូលរួមទស្សនាដោយសេរី ពុំមានលក់សំបុត្រនោះទេ ៕
អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី