ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសាទរយ៉ាងក្លៀវក្លាចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងពង្រឹងសេវាស្តារលទ្ធភាពពលកម្មជូនជនមានពិការភាព និងសុខភាពភ្នែក ឬហៅថា គម្រោង ATScale។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យពិការភាពជាការងារអាទិភាពមួយ ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពី សិទ្ធិជនមានពិការភាព និងលិខិតូបករណ៍អន្តរជាតិផ្សេងៗ ព្រមទាំងបានកសាង និងដាក់ឱ្យអនុវត្តច្បាប់គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិជាច្រើនទៀត ជាពិសេសការពង្រឹងការផ្តល់សេវាសុខភាព និងសុខុមាលភាពសម្រាប់ជនមានការភាពដូចមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាដើម ។ គម្រោង ATScale ពិតជាមាសារសំខាន់សម្រាប់ជនមានពិការភាពកម្ពុជា ជាពិសេសជនមានពិការភាពកាយសម្បទា និងជនមានពិការភាពភ្នែក ។
ពិធីសម្ពោធនាថ្ងៃនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីក និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ សេវាស្តារលទ្ធភាពពលកម្ម ប្រកបដោយនិរន្តរភាពនៅកម្ពុជា និងមានគោលបំណងបំពាក់ឧបករណ៍បច្ចេកវិទ្យាជំនួយជូនជនមានពិការភាព ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកម្មវិធី និងការសម្របសម្រួលភាពជាដៃគូក្នុងការអនុវត្តគម្រោងសេវាស្តារលទ្ធភាពពលកម្មជូនជនមានពិការភាពកាយសម្បទា និងជនមានពិការភាពភ្នែក ដែលត្រូវការជាប្រចាំ និងចាំបាច់នូវឧបករណ៍បច្ចេកវិទ្យាជំនួយសម្រាប់ការរស់នៅប្រចាំថ្ងៃ ។
នេះគឺជាការលើកឡើងរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងពង្រឹងសេវាស្តារលទ្ធភាពពលកម្មជូនជនមានពិការភាព និងសុខភាពភ្នែកឬហៅថាគម្រោង ATScale នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ ។ចំណែកឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ការរីកចម្រើនវិស័យសុខាភិបាល ធ្វើឱ្យប្រជាជនកម្ពុជារស់នៅកាន់តែយូរ ប្រជាជនវ័យចំណាស់កាន់តែច្រើន ជំងឺមិនឆ្លងក៏កាន់តែច្រើន ធ្វើឱ្យជនមានពិការភាពក៏កាន់តែច្រើនដែរ ។
ចូរធ្វើដំណើរដោយគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងអធ្យាស្រ័យ ប្រុងប្រយ័ត្នគ្រប់វិនាទី ដើម្បីធានាបាននូវសុខសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ បញ្ចៀសពិការភាព ដ្បិតថាការចាកផុតពីពិការភាព គឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងសង្គមជាតិ ហើយការថែរក្សាសុខភាពចៀសវាងបាននូវជំងឺទាំងឡាយដូចជាជំងឺទឹកនោមផ្អែមជាដើម ក៏ជាកត្តាដ៏ចម្បងមួយទៀត ព្រោះវាក៏ជាប្រភពដ៏សំខាន់បំផុតមួយនាំឱ្យមានពិការភាពដែរ ។
ចំពោះ គម្រោង ATScale នេះ ជាគម្រោងមួយ ដែលប្រកាសថា យើងនឹងមិនបោះបង់ជនមានពិការភាពណាម្នាក់ឡើយ ។ យើងមិនគ្រាន់តែកសាងមជ្ឈមណ្ឌល និងការស្តារលទ្ធភាពពលកម្មដោយឥតគិតថវិកាដល់ជនមានពិការភាពប៉ុណ្ណោះទេ ក៏ថែមទាំងផ្តល់ក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូដល់ពួកគាត់ផងដែរ ហើយយើងជឿជាក់ថាគម្រោង ATScale នឹងរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ការបម្រើសេវាសុខភាពភ្នែកនៅកម្ពុជា ដែលក្នុងនោះ ក៏រួមទាំងការផ្តល់សេវាថែទាំភ្នែកសម្រាប់កុមារនៅតាមសាលារៀនផងដែរ ។ នេះគឺជាប្រសាសន៍របស់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដដែល ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត