ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥
តារាសម្តែងវ័យក្មេងពេញដោយសមត្ថភាព សរពេជ្ញ ម៉ានីកា ហៅ ម៉ានីកា នឹងលេចមុខក្នុងរឿងភាគខ្នាតធំថ្មីរបស់ភីអិនអិន គឺរឿង «កូនប្រសាស្រី» ក្នុងពេលឆាប់ៗនេះ។
តារាសម្តែងវ័យក្មេងដែលប្រឡូកវិស័យសិល្បៈតាំងពីអាយុ ៣ឆ្នាំ សរពេជ្ញ ម៉ានីកា ឬគេតែងហៅថា នាងតូច ម៉ានីកា ថ្មីៗនេះបានប្រាប់ឱ្យដឹងថា នាងនឹងចូលរួមថតភាពយន្តភាគខ្នាតធំថ្មីមួយទៀតរបស់ភីអិនអិន ចំណងជើងថា «កូនប្រសាស្រី» ជាស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់អ្នកស្រី ពាន់ ភួងបុប្ផា។
តារារូបនេះ ឱ្យដឹងថា សម្រាប់ស្នាដៃរឿងភាគថ្មីនេះ គឺនាងសម្តែងជាតួអង្គកូនរបស់ តារាស្រី អឿន រ៉ូហ្សា ក្នុងវគ្គកូនប្រសាកាត់បំណុល។ នាងជាកុមារីសុភាពរាបសារ តែរៀងកម្សត់បន្តិច ដូច្នេះទស្សនិកជនកុំភ្លេចត្រៀមក្រដាសជូតទឹកភ្នែកផង ពេលដល់ឈុតឆាកដែល ម៉ានីកា ត្រូវសម្តែង ព្រោះសូម្បីកញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ ប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន ក៏ធ្លាប់បង្ហើបថា «ម៉ានីកាត្រៀមថតរឿងថ្មីទៀតហើយ ដឹងតែទឹកភ្នែករហេមរហាមទៀតហើយ»។
ក្រៅពីចូលរួមសម្តែងរឿង «កូនប្រសាស្រី» របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ម៉ានីកា ដែលអ្នកជំនាញក្នុងវិស័យភាពយន្តចាត់ទុកជាគ្រាប់ពេជ្រក្នុងវិស័យភាពយន្តកម្ពុជា ក៏ទទួលថតរឿងផ្សេងៗជាច្រើនទៀតផងដែរ រួមទាំង ខ្សែភាពយន្តខ្នាតធំ «បណ្តាសានាងរាត្រី» របស់ផលិតកម្ម LD Entertainment ដែលមានការរួមសម្តែងពី តារាសម្តែងមីយ៉ាន់ម៉ា លោក Paing Takhon , កញ្ញា ស៊ីន យូប៊ីន, ព្រះនាងតូច ជេនណា, តារាជំនាញគុនល្បុក្កតោ សំ ថារ័ត្ន និងតារាសម្តែងវ័យក្មេងជាច្រើនរូបទៀត។បន្ថែមពីលើនោះ នាងតូច ម៉ានីកា ក៏មានស៉្បតពាណិជ្ជកម្ម TVC ប្រម៉ូតផលិតផល ថែមទៀតឆ្លៀតពេលថតបទចម្រៀងថែមទៀតផង។
តារាសម្តែងវ័យក្មេងដ៏មានទេពកោសល្យរូបនេះ ត្រូវមជ្ឈដ្ឋានជុំវិញខ្លួនសរសើរថា ជាទំពាំងស្នងឬស្សីដ៏មានគុណភាព និងជាគ្រាប់ពេជ្រដែលកំពុងចែងចាំងក្នុងវិស័យសិល្បៈ ព្រោះវ័យក្មេងប៉ុណ្ណឹងសោះ នាងមានបទពិសោធន៍ថតរឿងច្រើនរាប់មិនអស់ទាំងរឿងដុំ-ភាគ ថែមទាំងអាចបត់បែនសម្តែងបានគ្រប់តួអង្គតាមតម្រូវការរបស់ផលិត មិនថា តួកាច ស្លូត កម្សត់ទឹកភ្នែករហាម គឺនាងសម្តែងបានគ្រប់ទម្រង់មិនចាញ់សិល្បករៀមច្បងនោះឡើយ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច