ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥
យន្តហោះចម្បាំងរបស់ប្រទេសចិនចំនួន២៨គ្រឿង បានហោះសំកាំងនៅជុំវិញដែនកោះតៃវ៉ាន់នៅថ្ងៃអាទិត្យ(១៧កញ្ញា) ហើយយន្តហោះចម្បាំងទាំងនោះភាគច្រើនបានឆ្លងកាត់ខ្សែទឹកបន្ទាត់មេឌីដ្យាន។ យោងអាជ្ញាធរកោះតៃវ៉ាន់។
ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឱ្យដឹងថា ក្នុងចំណោមយន្តហោះទាំងនោះ មានយន្តហោះចម្បាំង២០គ្រឿង បានបង្ហាញវត្តមានចាប់តាំងពីព្រឹកថ្ងៃអាទិត្យឆ្លងកាត់ខ្សែទឹកបន្ទាត់មេឌីដ្យានដែលជាខ្សែបន្ទាត់បែងចែកកោះតៃវ៉ាន់និងប្រទេសចិន និងបានចូលទៅក្នុងតំបន់ការពារដែនអាកាសភាគអាគ្នេយ៍ និងនិរតីរបស់កោះតៃវ៉ាន់។
ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនកំពុងធ្វើ «បេសកកម្មដូចជាសមយុទ្ធរយៈចម្ងាយឆ្ងាយ និងការហ្វឹកហ្វឺន» និងបានដោយបន្ថែមថា ក្រសួង កំពុងតាមដានស្ថានការណ៍ ដោយប្រើប្រាស់យន្តហោះល្បាត និងនាវា។
រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែអះអាងថាដែនកោះតៃវ៉ាន់ជាចំណែកទឹកដីរបស់ប្រទេសចិន ហើយនឹងត្រូវយកមកកាន់កាប់នៅថ្ងៃណាមួយ ឬអាចប្រើកម្លាំងប្រសិនបើចាំបាច់។ ប្រទេសចិនបានបង្កើនសម្ពាធយោធានិងការទូតលើដែនកោះតៃវ៉ាន់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈទំនាក់ទំនងរវាងប្រទេសចិននិងកោះតៃវ៉ាន់កាន់តែជូរចត់ឡើង។
កាលពីសប្តាហ៍មុនរដ្ឋាភិបាលទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បានរាយការណ៍ឱ្យដឹងថា វត្តមានយន្តហោះចម្បាំង និងនាវារបស់ប្រទេសចិនកើនឡើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង លើកឡើងថា យោធាស្ថិតនៅក្នុងស្ថានភាពប្រុងជើងការកម្រិតខ្ពស់ បន្ទាប់ពីនាវាជាច្រើនគ្រឿងរបស់សហរដ្ឋអាមេរិកនិងកាណាដា បានឆ្លងកាត់ដែនទឹកកោះតៃវ៉ាន់នៅខែកញ្ញានេះ។
ប្រែសម្រួល៖ណាវ័ន្ត