ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥

ប្រទេសឥណ្ឌាបានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកងដ៏អស្ចារ្យដោយមានអ្នកទស្សនារាប់ម៉ឺននាក់

១២ កញ្ញា ២០២៣ | ព័ត៌មានអន្តរជាតិ

 មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមសងខាងច្រាំងទន្លេមួយនៅក្នុងទីក្រុងអាឡាពូហ្សា (Alappuzha) នៅក្នុងរដ្ឋកេរ៉ាឡា (Kerala) នៅភាគខាងត្បូងនៃប្រទេសឥណ្ឌាដើម្បីចូលរួមក្នុងព្រឹត្តិ ការណ៍ប្រណាំងទូកងដ៏ល្បីមួយគឺព្រឹត្តិការណ៍ នេរូត្រូហ្វី (Nehru Trophy) លើកទី៦៩កាលពីខែសីហា។

 

 

 

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ទូកសរុបចំនួន៧២គ្រឿងរួមទាំងទូកពស់ចំនួន១៩គ្រឿងផងដែរបានចូលរួមក្នុងការប្រណាំងទូកដែលមានប្រភេទទូកចំនួន៩នៅឆ្នាំនេះដើម្បីប្រកួតប្រជែងអុំប្រណាំងគ្នាដណ្តើមយកពានរង្វាន់នេរូ។

 

ទូកពស់គឺជាទូកប្រពៃណីប្រចាំតំបន់នៅក្នុងរដ្ឋការ៉ាឡា ហើយរូបរាងរបស់ទូកនេះគឺមានសណ្ឋានវែង មានក្បាល និងកន្ទុយដូចជាសត្វពស់អ៊ីចឹង ហើយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានគេដាក់ឈ្មោះតាមនាយករដ្ឋមន្ត្រីដំបូងគេរបស់ប្រទេសឥណ្ឌាគឺលោក ចាវ៉ាហាឡាល នេរូ (Jawaharlal Nehru)។

 

 

 

 

 


ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវបានរៀបចំធ្វើនៅរៀងរាល់ខែសីហា ហើយវាបានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់មកពីជុំវិញពិភពលោក ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ពានរង្វាន់នៅឆ្នាំនេះគឺបានទៅលើសមាជិកនៃក្លឹបទូកផាឡាធូរូធី (Pallathuruthy)។

 

អ្នកទេសចរអាល្លឺម៉ង់ម្នាក់ឈ្មោះ លីកា បាននិយាយក្នុងពេលចូលរួមទស្សនាការប្រណាំងទូកនេះថា ពួកគេមិនដឹងច្រើនអំពីប្រវត្តិទូកងផ្សេងៗគ្នានេះទេប៉ុន្តែពួកគេគិតថាវាពិតជាគួរឱ្យចាប់អារម្មណ៍មែនទែនដែលបានចូលរួមទស្សនាទិដ្ឋភាពដ៏អស្ចារ្យមួយនេះ។ 

 

ភ្ញៀវទេសចររូបនេះបានបន្ថែមថា ក្រុមអ្នកអុំទូកពិតជាបានខំប្រឹងអស់ពីសមត្ថភាពដើម្បីអុំទូកពួកគេឱ្យបានលឿនឆាប់ដល់គោលដៅដូច្នេះវាពិតជាល្អណាស់ដែលបានឃើញទិដ្ឋភាពបែបនេះ ហើយពួកគេចូលចិត្តព្រឹត្តិការណ៍នេះយ៉ាងខ្លាំង៕

 

 

 

 

ប្រែសម្រួល៖ លោក ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025