ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

PNN ក្រុងពាលី និងសម្ពោធខ្សែភាពយន្តស្តង់ដារខ្នាតធំប្រចាំឆ្នាំ២០២៣ ២ផ្សេងគ្នាក្នុងពេលតែមួយ!

៣០ សីហា ២០២៣ | កម្សាន្ដ

ខ្សែភាពយន្តភាគប្រកបដោយគុណភាព និងស្តង់ដារចំនួន២ គឺមួយធ្វើពិធីក្រុងពាលី និងមួយទៀតសម្ពោធចាក់បញ្ចាំងផ្លូវការ ត្រូវបាន PNN រៀបចំធ្វើក្នុងពេលតែមួយ។ ភីអិនអិន ដែលជាស្ថានីយ៍ទូរទស្សន៍ឈានមុខលើកម្មវិធីកម្សាន្ត និងភាពយន្ត បានរៀបចំពិធីក្រុងពាលី និងសម្ពោធខ្សែភាពយន្ត ២ផ្សេងគ្នាក្នុងពេលតែមួយនាព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣នេះ។ 

 


“កូនប្រសាស្រី” ជាខ្សែភាពយន្តប្រកបដោយគុណភាព និងសម្រិតសម្រាំងត្រូវបានរៀបចំពិធីក្រុងពាលីនាព្រឹកមិញនេះ។ ដោយឡែកខ្សែភាពយន្តភាគរឿង”ស្នេហា Cover” នឹងចាក់បញ្ចាំង ជាផ្លូវការលើកញ្ចក់ទូរទស្សន៍PNN នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះតទៅ។ ខ្សែភាពយន្តទាំងពីរនេះគឺជាស្នាដៃផលិត និងដឹកនាំពីអ្នកដឹកនាំរឿងជើងចាស់ល្បីឈ្មោះលោកស្រី ពាន់ ភួងបុប្ផា។

 

 

រឿង «កូនប្រសាស្រី» ដែលបានធ្វើពិធីក្រុងពាលី នាថ្ងៃទី ៣០ ខែ សីហា ឆ្នំ ២០២៣ នេះ មាន ៣វគ្គ សុទ្ធសឹងតែត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ទៅលើការ  ផលិត ការដឹកនាំសម្តែង និងការបញ្ជូលអត្ថន័យ ខ្លឹមសារ ដើម្បីជាប្រយោជន៍ដល់ទស្សនិកជន អ្នកទស្សនាទៀតផង។ ក្នុងនោះ ក៏មានការចូលរួមពី វត្តមាន តារាសម្តែង ជាតួអង្គ ក្នុងសាច់រឿងផ្ទាល់តែម្តង ផលិតករ អ្នកនិពន្ធ អ្នកដឹកនាំរឿង និងភ្ញៀវកិត្តិយសជាច្រើននាក់ បានសម្តែងនូវអារម្មណ៍រំភើបពេញចិត្ត នឹងការចាប់ផ្តើមផលិត ខ្សែភាពយន្តភាគខ្មែរថ្មីៗជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់វិស័យភាពយន្តខ្មែរឲ្យកាន់តែមានសន្ទុះ និងមុខមាត់នៅលើឆាកអន្តរជាតិ។ 

 

 

ជាមួយគ្នា នឹងការរៀបចំផលិតខ្សែភាពយន្តភាគខ្មែរ រឿង« កូនប្រសាស្រី» ដែលជាសាច់រឿងនិពន្ធរបស់កវីជើងចាស់ វស្សា អ្នកស្រី ពាន់ ភួងបុប្ផា នេះដែរ ក៏បានសហការផលិតជាមួយនឹងទូរទស្សន៍ភីអិនអិន  ស្របតាមយុគសម័យដ៏ជឿនលឿន ក្នុងការបង្ហាញជាមួយនឹងបរិបទនៃការរស់ ភាពជាមនុស្សស្រី ដែលមានចំណងអាពាហ៍ពិពាហ៍នៅក្នុងគ្រួសារខាងម្តាយក្មេក។ រឿង «កូនប្រសាស្រី» ត្រូវបានបែងចែកជាបី ខ្សែភាពយន្តតូចៗ ដែលក្នុងនោះ រឿងទី ១គឺ រឿង កូនប្រសាកាត់បំណុល, រឿងទី ២ គឺរឿង កូនប្រសាខុសសាសន៍ និងរឿងទី ៣ គឺរឿង កូនប្រសាត្រកូលទាប ។ 

 

 

 

 

សាច់រឿង ក្នុងរឿងកូនប្រសាស្រី ទាំងបីរឿងខាងលើនេះដែរ ក៏នឹងបង្ហាញអោយទស្សនិកជន បានយល់ និងឃើញ ពីជីវិតកូនប្រសាស្រី ដែលត្រូវជួបនឹងឧបសគ្គជាច្រើន នៅក្នុងគ្រួសារខាងស្វាមី ហើយចំណងបញ្ហា រវាង ម្តាយក្មេក និងកូនប្រសា បានក្លាយជាសង្គ្រាម ដែលប្រជែងគ្នា រហូតបង្កើតបានឈុតឆាត កាច់កុង ឌីដង មិនចេះចប់ មិនចេះហើយ រហូតដល់ដំណោះស្រាយចុងក្រោយភាគបញ្ចប់នៃសាច់រឿងតែម្តង។ មួយវិញទៀត ការនិពន្ធឡើងនូវចំណងសាច់រឿង កូនប្រសាស្រីទាំង បីវគ្គខាងលើនេះ ក៏នឹងបង្ហាញនូវសាច់រឿងប្លែកៗពីគ្នា ហើយជីវិតតួអង្គនៅក្នុងសាច់រឿង ក៏នឹងត្រូវប្រឈមនឹងបញ្ហាផ្សេងៗពីគ្នាផងដែរ។ តួយ៉ាងដូចជា រឿងកូនប្រសាកាត់បំណុល ជាសាច់រឿង បង្ហាញពី ជីវិតនារីក្រមុំម្នាក់ ត្រូវមកទទួលរងនូវការដោះបំណុលពីម្តាយ ដោយខ្លួនត្រូវធ្វើជាប្រពន្ធគេ ជាកូនប្រសាគេ ទាំងចិត្តមិនចង់ ដើម្បីធ្វើយ៉ាងណា ឲ្យម្តាយរួចពីការជំពាក់ប្រាក់គេ។

 

 

 

 

 យ៉ាងណាមិញ សម្រាប់សាច់រឿង ២វគ្គទឿត  ក៏ជាសាច់រឿង ដែលបង្ហាញពីការមិនចុះសម្រុង រវាង ម្តាយក្មេក និងកូនប្រសា ដែលទាំងអស់នេះ ក៏ជាបទពិសោធន៍ ក៏ដូចជាចំណេះដឹងទូទៅមួយ សម្រាប់អ្នកទស្សនិកជន បានយល់ជ្រាបផងដែរ។ 

 

 

មួយវិញទៀតដែរ ស្របពេលនឹងពិធីក្រុងពាលីកំពូលខ្សែភាពយន្តភាគខ្មែរទាំងបីរឿងធំៗខាងលើនេះ ពីស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានចាប់ផ្តើមចាក់ផ្សាយជូនទស្សនាជាផ្លូវការរឿងភាគខ្មែរមួយរឿងដ៏ថ្មីសន្លាង ដែលកាន់តែល្អមើល ជក់ចិត្ត ជាងមុន ក្នុងថ្ងៃតែមួយ។ នោះគឺ រឿង «ស្នេហា Cover » ដែលជាសាច់រឿង ស្នេហាមានភាពប្រទាក់ក្រឡាគ្នា ពីមួយទៅមួយ រហូតក្លាយជាចំណងស្នេហបន្តពីគ្នា មិនចេះចប់ មិនចេះហើយ។

 

 

 

 

ចង់ដឹងថា តើសាច់រឿងថ្មីដែលមានវត្តមានជាផ្លូវការពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣ នេះ ល្អមើលយ៉ាងណានោះ សូមកុំភ្លេចតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៧ យប់តទៅ។ 

 

 

 

 

 

ភីអិនអិន ក៏នៅតែបន្ត និងយកចិត្តទុកដាក់ សហការផលិតខ្សែភាពយន្តភាគខ្មែរបន្តបន្ទាប់ទៀត ឲ្យកាន់តែល្អ ដើម្បីបម្រើជូនដល់ទស្សនិកជន ទស្សនាកម្សាន្ត ដើម្បីបានចូលរួមចំណែកគាំទ្រ និងលើកស្ទួយទីផ្សារភាពយន្តក្នុងស្រុកយើងឲ្យកាន់តែរីកច្រើនបន្តទៅមុខទៀត៕ 

 

 

 

 

 

 

អត្ថបទ៖ PNN រូបភាព៖ ឃាង ទួច និង ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025