ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥
កញ្ញាឯកច្រកវាល២០១៨ កញ្ញា រឿន ណាត ទម្រាំក្លាយជាតារាជួរមុខដ៏មានប្រិយភាពក្នុងវិស័យនេះ គឺមិនមែនជារឿងចៃដន្យឡើយ។ នាងបានពុះពារឧបស័គ្គតូចធំក្នុងការបោះជំហានមួយជំហានម្ដងៗ។
រឿន ណាត ជាក្មេងស្រីដែលមានស្រុកកំណើតនៅត្រសងដងទន្លេមេគង្គ លើទឹកដីខេត្តកំពង់ចាម នាងជាកូនស្រីពៅក្នុងគ្រួសារ ក្នុងចំណោមបងប្អូនបីនាក់ដែលសុទ្ធសឹងជាមនុស្សស្រី និងមានម្តាយតែម្នាក់ជាបង្គោលក្នុងគ្រួសារ។
ដ្បិតជាកូនពៅក្នុងគ្រួសារ ប៉ុន្តែចាប់តាំងពីដឹងក្តី រឿន ណាត បានក្លាយជាយុវតីម្នាក់ដែលរាប់រងបន្ទុកគ្រួសារ។ ស្ថិតក្នុងវ័យ១៣ឆ្នាំ រឿន ណាត បានវេចស្ពាយភាពយុវវ័យរបស់ខ្លួនឡើងមកទីក្រុង ដែលពោរពេញដោយភ្លើងចម្រុះពណ៌ ជាកន្លែងដែលនរណាៗតែងស្រម៉ៃរំពៃដល់។
រៀនផងធ្វើការផង យុវតី រឿន ណាត មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សាដូចគេឯងនោះទេ ដូច្នេះហើយនាងរៀនចប់ត្រឹមថ្នាក់ទី១២ប៉ុណ្ណោះនៅវិទ្យាល័យទូលទំពូង។ ដំណើរជីវិតរសាត់អណ្តែតដូចពពកលើអាកាស រុញច្រានឲ្យយុវតីនេះដល់ចំនុចផិតផើយនៃវិថីសិល្បៈដូចបំណងតាមការអូសទាញពីមិត្តភ័ក្តិ។
ជីវិតពិត ពិតជាមិនស្រស់ស្អាតដូចក្តីស្រម៉ៃឡើយ រឿន ណាត ផ្តើមឈ្មុលខ្លួនចូលទៅវិថីបវរកញ្ញាតែម្នាក់ឯង គ្មានសូម្បីសមាជិកគ្រួសារចាំជួយរុញច្រានម្នាក់ឡើយ។
ឈរលើជំហរក្តីស្រម៉ៃដ៏រឹងមាំ រឿន ណាត បានជម្នះរាល់ការលើកឡើងរបស់ក្រុមគ្រួសារ ហើយឈ្មុលទៅរកគោលដៅដែលដៅចាំស្រាប់តាំងពីកុមារភាព នោះគឺកម្មវិធីកញ្ញាឯកកម្ពុជា២០១៨ (Miss Universe Cambodia 2018)។ ដោយភាពមុះមុតក្លាហាន អង់អាច នាងក្រមុំរូបនេះ ដណ្តើមបានមកុដកញ្ញាឯកកម្ពុជា២០១៨តាមក្តីស្រម៉ៃប្រាកដមែន លុបបាត់ការលើកឡើងរបស់ក្រុមគ្រួសារដែលជាមន្ទិលក្នុងចិត្តតាំងពីយូរមកហើយ។
ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ មិនត្រឹមជាថ្ងៃជោគជ័យលើឆាកកម្រាលព្រំក្រហម តែជាថ្ងៃកំណើត និងជាថ្ងៃដំបូងដែលអ្នកម្តាយរបស់នាងទទួលដំណឹងជយលាភីរបស់នាង ក្រោយពីនាងបិទបាំងអស់រយៈពេលជាយូរខែ។
ជំហានទៅកាន់ឆាកអន្តរជាតិរបស់ រឿន ណាត កាន់តែខើចទៅៗ កញ្ញាឯកច្រកវាល២០១៨ ត្រូវហាត់ពត់លុតដំខ្លួនពីបុគ្គលល្បីៗក្នុងវិស័យម៉ូដែលកាន់តែខ្លាំងឡើង រហូតពេលខ្លះដំណក់ទឹកភ្នែកនាងបានរមៀលស្រក់ចុះកាត់ផែនថ្ពាល់ មិនដឹងខ្លួនថែមទៀតផង។
ដ្បិតជាក្មេងស្រីដែលរៀនសូត្រមិនបានជ្រៅជ្រះ ប៉ុន្តែកញ្ញាឯកច្រកវាល២០១៨ រឿន ណាត បាននាំយកទង់ជាតិព្រះរាជាណាចក្រកម្ពុជា ជាមួយឆន្ទៈដ៏អង់អាចទៅកាន់ឆាកការប្រកួតអន្តរជាតិ ដែលមានប្រទេសជាច្រើនជុំវិញពិភពលោកចូលរួមប្រកួត។
ដូចពាក្យចាស់លោកពោលថា «ទៅស្តើងមកវិញក្រាស់» រឿន ណាត មិនទទួលជយលាភីនោះទេ តែនាងបានវិចបទពិសោធន៍ពីឆាតអន្តរជាតិជាច្រើនមកមាតុប្រទេសវិញ ដើម្បីចែកជាបទពិសោធន៍ដល់កញ្ញាឯកជំនាន់ក្រោយ។
ជារឿងគួរឲ្យកត់សម្គាល់ ក្រោយវិលមកវិញ ទីផ្សារការងារសិល្បៈរបស់ រឿន ណាត ផ្ទុះឡើងខ្លាំងស្ទើររកពេលសម្រាកគ្មាន មកទាំងការងារចាស់មកទាំងការងារថ្មី ដូចការថតម៉ូដសម្អាងការ ការថតភាពយន្ត និងការថតផ្សព្វផ្សាយផលិតផលជាច្រើនទៀត។
ឆ្លៀតក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយភីអិនអិននេះ រឿន ណាត បានឲ្យដឹងថា ខ្លួននឹងបោះជំហានលើឆាកអន្តរជាតិម្តងទៀតនាពេលខាងមុខ តែនៅមិនទាន់ច្បាស់ថាកម្មវិធីមួយណាឡើយ ខណៈបច្ចុប្បន្ននាងកំពុងសំឡឹងមើលកម្មវិធីដល់ទៅ២ ដោយកម្មវិធី២នោះរួមមាន Miss International និង Miss Supranational ហើយនាងក៏កំពុងព្រោះឥឡូវនាងកំពុងសំលឹងមើលពីលក្ខខណ្ឌ និងលក្ខណៈសម្បិត្តផ្ទាល់ខ្លួន ថាតើកម្មវិធីមួយណាដែលសាកសម ហើយសមសម្រាប់សមត្ថភាពរបស់នាង។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា