ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥

បញ្ហាទិដ្ឋាការ និងសន្តិសុខជាតិជារបៀបវារៈសំខាន់នៃទស្សនកិច្ចរបស់លោកវីដូដូទៅប្រទេសអូស្ត្រាលីលើកនេះ

០៥ កក្កដា ២០២៣ | ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលីបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោកវីដូដូដែលអញ្ជើញទៅប្រទេសអូស្ត្រាលីដើម្បីបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅទីនោះ។ គេរំពឹងថារបៀបវារៈសំខាន់ៗនៅក្នុងកិច្ចពិភាក្សាទ្វេភាគីលើកនេះស្ដីពីបញ្ហាផ្ដល់ទិដ្ឋាការសម្រាប់អ្នកវិនិយោគទុនឥណ្ឌូណេស៊ី និងបញ្ហាសន្តិសុខជាតិ។
 

 

 

 

នៅក្នុងដំណើរទស្សនកិច្ចលើកនេះ, អ្នកវិភាគយល់ថាថ្នាក់ដឹកនាំទាំង២នឹងរិះរកវិធីបង្កើនទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។ ជាពិសេស ការផ្ទេរបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។ ចំណុច១ទៀត លោកវីដូដូ ប្រមុខដឹកនាំឥណ្ឌូណេស៊ីតែងតែចិញ្ចឹមចិត្តចង់ប្រែក្លាយប្រទេសរបស់លោកទៅជាមជ្ឈមណ្ឌលកណ្ដាលនៃការផលិតរថយន្តអគ្គិសនីលំដាប់ពិភពលោក។

 

នេះជាសសរស្ដម្ភដ៏សំខាន់មួយដែលលោកចង់បន្សល់ទុកជាកេរមត៌កនយោបាយមុនពេលលោកបញ្ចប់អាណត្តិទី២។ លោកក៏ចង់មានចំណែកដ៏សំខាន់មួយនៅក្នុងការទាញយកប្រភពធនធានធម្មជាតិដូចជាសារធាតុនីកែល (nickel) ដើម្បីបម្រើឲ្យវិស័យបច្ចេកវិទ្យាទំនើប និងផលិតកម្ម ប្រសើរជាងជាងលក់តែវត្ថុធាតុដើម។ ប៉ុន្តែប្រទេសនេះខ្វះខាតសារធាតុលីចូម (lithium) ដែលជាធាតុដ៏សំខាន់សម្រាប់ផលិតធុងអាគុយនៃរថយន្តអគ្គិសនី។

 

អូស្ត្រាលីសម្បូរសារធាតុនេះ។ ដូច្នេះ បើប្រទេសទាំង២នេះចេះសហការគ្នាលើធនធានធម្មជាតិទាំង២នេះ គេជឿជាក់ថាក្ដីសុបិន និងកាលានុវត្តភាពអាចនឹងក្លាយជាការពិត។ សព្វថ្ងៃនេះ ប្រទេសឥណ្ឌូណេស៊ីជាដៃគូពាណិជ្ជកម្មលំដាប់ទី១៣របស់ប្រទេសអូស្ត្រាលី។ ទំហំវិនិយោគរបស់អូស្ត្រាលីមាន៤,៣ពាន់លានដុល្លារអូស្ត្រាលីកាលពីឆ្នាំ២០២១។ ធ្យូងថ្មជាផលិតផលនាំចេញសំខាន់ជាងគេ៕

 

 

 

 

ប្រែសម្រួល៖អន សំអាង
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025