ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ទិន្នន័យផ្លូវការពីរដ្ឋាភិបាលចិន បានបង្ហាញថា ការវិនិយោគផ្ទាល់ក្រៅប្រទេសមិនមែនហិរញ្ញវត្ថុ របស់ប្រទេសចិន បានកើនឡើង ២៦% ដល់ ៤២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ CCTV នៅថ្ងៃនេះ។
ការវិនិយោគផ្ទាល់ក្រៅប្រទេសមិនមែនហិរញ្ញវត្ថុ របស់ប្រទេសចិន កើតមាននៅក្នុងបណ្តាប្រទេសនៅតាមបណ្តោយខ្សែក្រវាត់ និងផ្លូវមានចំនួន ៧ពាន់ ៥រយលានដុល្លារអាមេរិក កើនឡើង ៩% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយតួលេខនេះ ស្មើនឹង ១៨% នៃការវិនិយោគសរុប សម្រាប់រយៈពេលដូចគ្នា។
ចំណូលនៃគម្រោងដែលបានចុះកិច្ចសន្យានៅក្រៅប្រទេស បានកើនឡើង ១០% ដល់ ៤២ពាន់លានដុល្លារអាមេរិក កើនឡើង ២% ខណៈដែលតម្លៃកិច្ចសន្យានៃគម្រោង ដែលបានចុះហត្ថលេខាថ្មីមានចំនួន ៥៩ពាន់លានដុល្លារអាមេរិក កើនឡើង ២%។
ក្នុងរយៈពេលដូចគ្នានេះ ចំណូលនៃគម្រោងកិច្ចសន្យាក្នុងបណ្តាប្រទេសតាមបណ្តោយខ្សែក្រវាត់ និងផ្លូវដោយសហគ្រាសចិន បានឈានដល់ ២៣ពាន់លានដុល្លារអាមេរិក ហើយតម្លៃកិច្ចសន្យានៃគម្រោងដែលបានចុះហត្ថលេខាថ្មី មានចំនួន ២៩ពាន់លានដុល្លារអាមេរិក។
ជារួម ការវិនិយោគផ្ទាល់ទៅក្រៅប្រទេសរបស់ប្រទេសចិន បានឃើញកំណើនថេរពីមួយឆ្នាំទៅមួយឆ្នាំ ដោយសម្រេចបានកំណើនប្រមាណ ៥% ដល់ ១៤៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២ ទោះបីជាមានផលប៉ះពាល់អវិជ្ជមាននៃបរិយាកាសសេដ្ឋកិច្ចខាងក្រៅក៏ដោយ។
សូមជម្រាបដែរថា ក្រៅពីការវិនិយោគទៅក្រៅប្រទេស ប្រទេសចិន ក៏បានទាក់ទាញលំហូរនិយោគផ្ទាល់ពីបរទេសប្រមាណ ១៨៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២ ដែលមានកើនឡើង ៨% បើប្រៀបធៀបនឹងឆ្នាំ ២០២១៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ