ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

ត្រីមាសទី ១ដើមឆ្នាំ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធពី E-commerce បានជាង ៨៤ប៊ីលានរៀល

២៦ មេសា ២០២៣ | សេដ្ឋកិច្ច

 

គិតចាប់ពីខែមករា ដល់ខែមីនា ដើមឆ្នាំ ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលនូវចំណូលពន្ធអាករតម្លៃបន្ថែម បានប្រមាណ ៨៤ប៊ីលានរៀល ឬប្រមាណ ២១លានដុល្លារអាមេរិក ពីវិស័យ E-commerce នៅកម្ពុជា។

 


បើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឲ្យដឹងថា នៅក្នុងខែមករា ប្រាក់ចំណូលពន្ធពី E-commerce គឺមាន ៦លានដុល្លារអាមេរិក។

 


ប្រាក់ចំណូលពន្ធជាមធ្យមពី E-commerce មានចំនួន ៧លានដុល្លារអាមេរិក ក្នុងរយៈពេល ៣ខែដំបូងនេះ ដែលខ្ពស់ជាង ៥លានដុល្លារអាមេរិក សម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 


ជាមួយគ្នានេះ ប្រទេសអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមប្រមូលពន្ធលើតម្លៃបន្ថែមចំនួន ១០% លើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រុមហ៊ុនដូចជា Google, Meta, Amazon, Microsoft, YouTube, TikTok និង Netflix ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២មក។យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានពន្ធដារ គឺទទួលបានពន្ធជិត ៤៤លានដុល្លារអាមេរិកពី ប្រតិបត្តិការពាណិជ្ជកម្មតាមអេឡិចត្រូនិក ចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ ២០២២។

 


ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា អាករលើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជាប្រភពចំណូលដ៏មានសក្តានុពលសម្រាប់កម្ពុជា ហើយ វាមានសក្តានុពលក្នុងការបង្កើនចំណូលថវិកាជាតិក្នុងរយៈពេលវែង។សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ រកចំណូលពន្ធបានជាង ១ពាន់ ៣រយលានដុល្លារ ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំនេះ កើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025