ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

មន្ត្រីថា កុមារអូទីស្សឹមកំពុងសម្រុកទៅសិក្សា ខណៈសាលាឆ្លើយតបមិនទាន់

២០ មេសា ២០២៣ | ព័ត៌មានជាតិ

 

មន្ត្រីធ្វើការលើវិស័យអូទីស្សឹម បានអះអាងថា កំពុងខ្វះលទ្ធភាពដោះស្រាយការសិក្សាចំពោះការកើនឡើងយ៉ាងគំហុក នៃកុមារអូទីស្សឹម ដោយសារតែមាតាបិតា មានការយល់ដឹង ខណៈវិស័យអប់រំពិសេសត្រូវការធនធាន និងពេលវេលាច្រើនក្នុងការរៀបចំ ។

 


រយៈពេល ២ ឆ្នាំចុងក្រោយនេះ ចំនួនកុមារអូទីស្សឹម ទៅចុះឈ្មោះចូលរៀននៅសាលាអប់រំពិសេសក្រុងតាខ្មៅ បានកើនឡើងយ៉ាងគំហុក ដែលបច្ចុប្បន្ននេះ សាលាមានលទ្ធភាពទទួលសិស្សបានត្រឹមតែ ២៣៥ នាក់ប៉ុណ្ណោះ នៅមានសិស្សប្រមាណជាជាង ២០០ នាក់ផ្សេងទៀត កំពុងរង់ចាំយ៉ាងអន្ទះសា រហូតដល់មាតាបិតាអ្នកអាណាព្យាបាលខ្លះ ខឹងនឹងសាលាដែលពុំទាន់បានទទួលកុមារទាំងនោះចូលរៀន ។ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធជាតិ អន្តរជាតិ ពិតជាបានយកចិត្តទុកដាក់ខ្លាំងណាស់ ប៉ុន្តែកង្វះខាតនេះ គឺជាបញ្ហាពេលវេលា ដ្បិតសាលាអប់រំពិសេស ត្រូវតែមានលក្ខណៈពិសេសសព្វគ្រប់បែបយ៉ាងទាំងអស់ ។

 

 

នេះគឺជាការលើកឡើងរបស់លោក ចាន់ សារិន នាយកសាលាអប់រំពិសេសក្រុងតាខ្មៅ និងជាប្រធានបណ្តាញអូទីស្សឹមកម្ពុជា នៅក្នុងទិវាអូទីស្សឹម នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះ ។ជាការកត់សម្គាល់ អ្នកជំងឺអូទីស្សឹម ច្រើនតែត្រូវបានសង្គមយល់ច្រឡំថាជាជំងឺវិកលចរិត ឬ ជំងឺសរសៃប្រសាទពីកំណើត ។ ប៉ុន្តែធាតិពិត អូទីស្សឹម ពុំមែនជាជំងឺទេ វាគឺជាប្រភេទម្យ៉ាង នៃមនុស្ស ដែលមានលក្ខណៈមិនពេញលេញ ។

 


ទិន្នន័យដែលប្រមូលបានពីក្រុង ស្រុក ខណ្ឌ ចំនួន ២៥ នៃ រាជធានីភ្នំពេញ បាត់ដំបង និងកំពង់ចាម ជាដើម នៅឆ្នាំ២០១៩ កម្ពុជា មានកុមារអូទីស្សឹម ជិត ២០០០ នាក់ ។ ប៉ុន្តែនៅទូទាំងប្រទេស លោក ចាន់ សារិន បានអះអាងថា កុមារអូទីស្សឹម ពោលគឺមនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំ មិនតិចជាង ២ ម៉ឺននាក់ឡើយ គឺមានតែលើសពី ២ ម៉ឺននាក់ ។

 


សូមជម្រាបថា សាលាអប់រំពិសេសសម្រាប់កុមារអូទីស្សឹម បើតាមបច្ចេកទេស ក្នុង ១ ថ្នាក់ ទទួលសិស្សត្រឹមតែ ៧ នាក់ប៉ុណ្ណោះ ហើយក្នុង ១ ថ្នាក់ ត្រូវមានគ្រូ ២ នាក់ ។ ដោយឡែកចំពោះសាលាអប់រំពិសេសក្រុងតាខ្មៅ បានដាក់សិស្សដល់ទៅ ១០ នាក់ឯណោះ ក្នុង ១ ថ្នាក់ ដោយមានគ្រូ ២ នាក់ដែរ ហើយទាំងថ្នាក់រៀន ទាំងសាលារៀន ទាំងកម្មវិធីសិក្សា ក៏ដូចជាគ្រូបង្រៀន ក៏សុទ្ធតែមានលក្ខណៈពិសេស ។

 


ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងជារដ្ឋលេខាធិការ តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងថា អ្វីដែលជាកិច្ចខិតខំប្រឹងប្រែង និងសម្រេចបានកន្លងមក គឺពិតជាគួរឱ្យរីករាយ និងមោទនភាព ហើយតទៅនេះ គ្រប់ភាគីពាក់ព័ន្ធ ក៏បាន និងកំពុងសហការដោះស្រាយជាមួយគ្នាយ៉ាងសស្រាក់សស្រាំ ៕
 

 

 

 

អត្ថបទៈ ខឿន សាឃាង, រូបភាពៈ ឆិល សុភ័ស្ត និងឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024