ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ស្បែកជើងឃ្លុបដែលអតីតតារាបាល់បោះរបស់សហរដ្ឋអាមេរិក លោកម៉ៃឃើល.ហ្សកដានពាក់នៅក្នុងការប្រកួតអឹនប៊ីអេ (NBA)ឆ្នាំ១៩៩៨ ត្រូវគេរំពឹងថានឹងយកទៅដាក់លក់ដេញថ្លៃបានជាច្រើនលានដុល្លារ។ នេះជាស្បែកជើងឃ្លប់ដែលគេគិតថានឹងមានតម្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ គេប៉ាន់ស្មានថាវាអាចលក់បានចន្លោះពី២លានទៅ៤លានដុល្លារ។
លោកប្រាម.វ៉ាច់តឺ(Brahm Wachter)ជាអ្នកទទួលបន្ទុកខាងគ្រប់គ្រងទំនិញស្បែកជើង និងរបស់ប្រើប្រាស់ទំនើបនៃក្រុមហ៊ុនសូតថឺប៊ី។ លោកប្រាប់ថាគ្រាន់តែចាប់ផ្ដើមដំបូង, មានគេហ៊ានឲ្យថ្លៃ១លាន ៨សែនដុល្លារ។ បើដូចនេះមែន វាជាតម្លៃដែលបង្កើតកំណត់ត្រាពិភពលោកសម្រាប់ស្បែកជើងឃ្លុបដែលដាក់លក់ជាសាធារណៈ។
លោកម៉ៃឃើល.ហ្សកដានបានពាក់ស្បែកជើងទាំង២នេះ និងរកបាន៣៧ពិន្ទុនៅក្នុងពេលប្រកួត។ ស្បែកជើងទាំងមួយគូនេះនៅមានភិនភាគស្អាតល្អណាស់ និងមានហត្ថលេខារបស់លោកម៉ៃឃើល.ហ្សកដានថែមទៀតផង។ លោកប្រាមបង្ហើបឲ្យដឹងថាមានកត្តា២យ៉ាងដែលធ្វើឲ្យស្បែកជើងប្រភេទនេះមានលក្ខណៈកម្រ។ ទីមួយ លោកម៉ៃឃើល.ហ្សកដាននៅពេលចាប់ផ្ដើមដំបូងគាត់ពាក់មួយចំហៀងពណ៌ខ្មៅ និងមួយចំហៀងទៀតពណ៌ក្រហម។
គណៈកម្មការរៀបចំការប្រកួតហាមឃាត់គាត់មិនឲ្យចូលលេង។ ដូច្នេះ ស្បែកជើងឃ្លប់របៀបកូនកាត់មួយចំហៀងពណ៌ខ្មៅ និងមួយចំហៀងទៀតពណ៌ក្រហមនោះអាចនិយាយបានថាគឺជាការចាប់គូគ្នាដ៏ចម្លែក។ ទីពីរ នេះជាស្បែកជើងចុងក្រោយបង្អស់ដែលមានហត្ថលេខារបស់លោកម៉ៃឃើល.ហ្សកដាន។
ក្រុមហ៊ុនទទួលរ៉ាប់រងខាងប្រកាសដាក់លក់ដេញថ្លៃមួយនេះក៏ត្រៀមលក់របស់អនុស្សាវរីយ៍ដទៃទៀតរបស់លោកម៉ៃឃើល.ហ្សកដាន និងកីឡាករបាល់បោះល្បីៗជាច្រើនទៀត។ អតិថិជនអាចបញ្ជូនតម្លៃដែលខ្លួនហ៊ានផ្ដល់ជូនសម្រាប់ទំនិញទាំងនេះទៅក្រុមហ៊ុនរហូតដល់ថ្ងៃទី១១ ខែមេសា៕
ប្រែសម្រួល៖ អន សំអាង