ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

មន្ត្រីសង្ឃ កំពុងបារម្ភរឿងខ្វះអ្នកឯកទេសភាសាបាលី និងទស្សនវិជ្ជាពុទ្ធសាសនា

០៨ មេសា ២០២៣ | ព័ត៌មានជាតិ



ឯកទេសភាសាបាលី និងទស្សនវិជ្ជាពុទ្ធសាសនា គឺជាឯកទេស ត្រូវការខ្ពស់។ ប៉ុន្តែមន្ត្រីសង្ឃជាន់ខ្ពស់ បារម្ភថា មានអ្នកសិក្សាមុខវិជ្ជាទាំង ២នេះ កាន់តែតិចទៅៗ ដោយសារវាជាមុខវិជ្ជា ដែលតម្រូវឱ្យមានការស្រឡាញ់ប្តូរផ្តាច់ពិតប្រាកដ ទើបអាចសិក្សាចប់ចុងចប់ដើម។  ភាសាបាលី និងទស្សនវិជ្ជាពុទ្ធសាសនាគឺជាឯកទេសស្នូល នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ហើយនៅក្នុងសង្គមក៏មានតម្រូវការអ្នកឯកទេសភាសាបាលីនេះខ្ពស់ដែរ  ។

 

 

ប៉ុន្តែអ្វីដែលជាកត្តាគួរឱ្យបារម្ភនោះ គឺសមណនិស្សិត និងនិស្សិតដែលចាប់យកឯកទេសភាសាបាលី និងឯកទេទស្សនវិជ្ជាពុទ្ធសាសនា ហាក់ដូចជាមិនកើនឡើងសោះ ហើយថែមទាំងមាននិន្នាការថមថយចុះទៀតផង។ នេះគឺជាការលើកឡើងរបស់ភិក្ខុព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះសកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំគ្រប់គ្រងពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នៅក្នុងពិធីសំណេះសំណាលជាមួយបេក្ខសមណៈ និងបេក្ខជនការពារនិក្ខបបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធសិកសកលវិទ្យាល័យព្រះសីហនុរាជ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នា២០២៣ នេះ។

 


គួជម្រាបជូនថា ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ព្រះសង្ឃ ប៉ុន្តែកំណែទម្រង់ប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មាននិស្សិតជាគ្រហស្ថប្រុសស្រីសិក្សានៅទីនោះជាមួយព្រះសង្ឃ ហើយមុខវិជ្ជាដែលបង្រៀននៅព្រះសីហនុរាជ ក៏មានទាំងផ្នែកអាណាចក្រផងដែរ ហើយសរុបទាំង ៣ ទីតាំង គឺព្រះសីហនុរាជភ្នំពេញ ព្រះសីហនុរាជបាត់ដំបង និងព្រះសីហនុរាជ កំពង់ឆ្នាំង បច្ចុប្បន្ន មានសមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុប ៥៦៣ អង្គ និងនាក់ លើមុខវិជ្ជាចំនួន ៦ ក្នុងនោះសមណនិស្សិត និងនិស្សិតដែលសិក្សាទស្សនវិជ្ជាពុទ្ធសាសនា ៥៧ អង្គ និងនាក់ ចំណែកមុខវិជ្ជាភាសាបាលី មានត្រឹមតែ ២៣ អង្គ និងនាក់ប៉ុណ្ណោះ ដែលក្នុងនោះ ក៏មាននិស្សិតជាស្រ្តីម្នាក់ផងដែរ។

 


ដោយឡែកចំពោះបេក្ខសមណៈ និងបេក្ខនជន ការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពោលគឺថ្នាក់អនុបណ្ឌិតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នេះ នៅព្រះសីហនុរាជ រាជធានីភ្នំពេញ មានចំនួន ១៥ អង្គ និងនាក់ លើ ៤ ឯកទេស គឺទស្សនវិជ្ជា ៥ អង្គ និងនាក់ អក្សរសាស្ត្រខ្មែរ ៣ អង្គ និងនាក់ គ្រប់គ្រងអប់រំ ៣ អង្គ និងនាក់ និងភាសាបាលី ៤ អង្គ និងនាក់។

 


គួរកត់សម្គាល់ថា តម្រូវការអ្នកឯកទេសភាសាបាលី កាន់តែខ្ពស់ទៅៗ ព្រោះភាសាបាលី គឺជាប្រភពដ៏សំខាន់បំផុតមួយ នៃវិស័យសាសនា អក្សរសាស្ត្រ ប្រពៃណី វប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រខ្មែរជាដើម ប៉ុន្តែបច្ចុប្បន្ននេះ ប្រហែលជាមានតែពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ មួយប៉ុណ្ណោះ ដែលបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រ ឯកទេសភាសាបាលី ហើយមូលហេតុដែលពុំសូវមានអ្នកសិក្សាឯកទេសទាំង ២ នេះ ដោយសារលុះណាតែមានចិត្តស្រឡាញ់ប្តូរផ្តាច់ ទើបអាចសិក្សាមុខវិជ្ជាទាំង ២ នេះជោគជ័យ៕
 

 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024