ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥
ការឈ្នះមេដាយមាស១០គ្រឿង ក្នុងការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីអាគ្នេយ៍ ដែលជាព្រឹត្តិការណ៍ប្រកួតមុនស៊ីហ្គេម (Pre-Sea Games) កាលពីចុងខែមីនាថ្មីៗនេះ គឺជាក្តីរីករាយបង្ហាញពីសមត្ថភាពរបស់អត្តពលិកវ៉ូវីណាមកម្ពុជា ប៉ុន្តែវាក៏ជាក្តីបារម្ភមួយ សម្រាប់គោលដៅឆ្ពោះទៅស្វែងរកមេដាយមាស៩គ្រឿង តាមសន្ទស្សន៍មេដាយមាសរបស់គណៈកម្មាធិការជាតិ CAMSOC ផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នៅក្នុងឱកាសជូនដំណើររបស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជា ចេញទៅបោះជំរំហ្វឹកហាត់ នៅប្រទេសវៀតណាម រយៈពេល១ខែ ពីថ្ងៃទី០៥ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម អ៊ូ រតនា គូសបញ្ជាក់ថា ៖«ការដាក់ចេញសន្ទស្សន៍មេដាយមាស ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ខាងមុខគឺចំនួន៩គ្រឿង ប៉ុន្តែឆ្លងកាត់ការប្រកួត Pre-Sea Games គឺវ៉ូវីណាមកម្ពុជាដណ្តើមបានមេដាយមាស១០គ្រឿង ដោយឈរ នៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោម៧ប្រទេសដែលបានចូលរួម។ នេះជាលទ្ធផលមួយ ដែលកម្ពុជាយើងធ្វើបានល្អប្រសើរហើយៗយើងនឹងបន្តការខិតខំបន្ថែមទៀត។ កាលណាយើងដណ្តើមបានមេដាយមាសច្រើន (Pre-Sea Games) នោះ ក៏ជាក្តីបារម្ភរបស់យើងដែរ សម្រាប់គោលដៅមេដាយមាស ក្នុងពេលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ ដូច្នេះក្តីបារម្ភនេះ គឺយើងត្រូវតែពុះពារឲ្យបានខ្លាំងក្លា ក្នុងការហ្វឹកហាត់ហ្វាត់»។ ប្រធានសហព័ន្ធរូបនេះបានលើកឡើងបន្ថែមថា ៖«ក្នុងរយៈពេលនេះ ប្រសិនបើមិនមានការបិទខ្ទប់ហ្វឹកហាត់ទេ នឹងអាចគ្រោះថ្នាក់ដល់គុណភាព ដោយសារ កម្ពុជាយើងត្រូវចូលបុណ្យឆ្នាំថ្មីប្រពៃណីជាតិ។
ដូច្នេះពេលចូលឆ្នាំនេះ កីឡាករ កីឡាការិនីអាចមានលេសសុំច្បប់បុណ្យចូលឆ្នាំ ដោយនេះជាការលំបាក ក្នុងការគ្រប់គ្រង។ នៅពេលយើងទទួលបានដំណឹងថា ភាគីវៀតណាមអនុញ្ញាតបើកទទួលការហ្វឹកហាត់១ខែដល់ក្រុមកីឡាវ៉ូវីណាមកម្ពុជា គឺយើងពិតជាសប្បាយរីករាយយ៉ាងខ្លាំង ក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា»។ បន្ថែមពីលើនេះ ឯកឧត្តមប្រធានបានចាត់ទុកថា ក្នុងការចេញទៅបោះជំរំហ្វឹកហាត់នៅវៀតណាម នាពេលនេះ គឺពិតជាសំខាន់ណាស់ ក្នុងការបន្ថែមលើចំណុចខ្វះខាត ជាពិសេគឺផ្នែកកម្លាំង ប៉ុន្តែបច្ចេកទេសទាំងវិញ្ញាសាប្រយុទ្ធ និងសម្តែងរបស់អត្តពលិកកម្ពុជា គឺល្អប្រសើរ។ អត្តពលិកវ៉ូវីណាមមានកម្លាំងទាបជាងគេ ក្រោយការពិនិត្យ និងឆ្លងកាត់ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ កាលពីថ្ងៃទី២៥-៣០ ខែមីនា ឆ្នាំ២០២៣ (Pre-Sea Games) នៅសាលសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្នុងរយៈពេលហ្វឹកហាត់១ខែនេះ ប្រសិនបើកីឡាករ កីឡាការិនីខិតខំឲ្យបានល្អ នោះពួកគាត់នឹងអាចបំពេញបន្ថែមនូវចំណុចខ្វះខាត ដើម្បីជំរុញឲ្យការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ បានល្អប្រសើរបន្ថែម ជាពិសេសគឺគោលដៅមេដាយមាសចំនួន៩គ្រឿង តាមសន្ទស្សន៍មេដាយមាសដែលដាក់ចេញដោយគណៈកម្មាធិការជាតិ CAMSOC។ សូមបញ្ជាក់ថា នៅក្នុងដំណើរចេញទៅបោះជំរំហ្វឹកហាត់នោះទទួលបានការជូនដំណើរដល់ព្រំដែនកម្ពុជា-វៀតណាម ពីសំណាក់ លោក ដួង មាសចំរើន អគ្គនាយករង អគ្គនាយកដ្ឋានកីឡា លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។ សម្រាប់ការចេញដំណើរទៅបោះជំរំហ្វឹកហាត់រយៈពេលពេញមួយខែ នៅប្រទេសវៀតណាមនេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជននិងកីឡាកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
អត្ថបទ និងរូបភាព៖ ប៉ុន សុភាព