ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥

ប្រធាន ស.ស.យ.ក កមម្ពុជា នាំយកសម្ភារៈមួយចំនួន ផ្តល់ជូនអត្តពលិកជនពិការ សម្រាប់ហ្វឹកហាត់ ត្រៀមអាស៊ានបារ៉ាហ្គេម លើកទី១២

០៣ មេសា ២០២៣ | កីឡា

 

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងារធ្វើដំណើទៅទីស្នាក់ការអគាគណៈកម្មការជនពិការតេជោសែន ដែលស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីចុះសួរសុខទុក្ខ នឹងបាននាំយកសម្ភារៈមួយចំនួន ផ្តល់ជូនអត្តពលិកជនពិការសម្រាប់បម្រើដល់ការហ្វឹកហាត់ត្រៀម អាស៊ាន បារ៉ាហ្គេម លើកទី១២ ដែលកាន់តែខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខ ។

 


ក្នុងឱកាសចុះនាំយកអំណោយ ជាសម្ភារៈហ្វឹកហាត់ នឹងគ្រឿងបរិភោគនោះ ឯកឧត្តមប្រធាន ក៏បានអញ្ជើញដើពិនិត្យមើល ពីរបៀបនៃការលេង ការហ្វឹកហាត់របស់ក្នុងអត្តពលិក រួមទាំងផ្តល់អនុសាសន៍លើកទឹកចិត្ត មួយចំនួន ដើម្បីជាស្មារតី ជំរួញអោយអត្តពលិកទាំងអស់មានកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែង ហ្វឹកហាត់អោយកាន់តែខ្លាំង នឹងអាចមានឱកាសស្វែងរកមេដាយជូនជាតិក្នុងនាមម្ចាស់ផ្ទះ ។

 


ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា « ដូចអ្វីដែលខ្ញុំបានសន្យា កាលពីរួមដំណើរជាបងប្អូនអត្តពលិកពិការ ទៅចូលរួមអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ីអញ្ចឹងថាហ្នឹងជួយស្វែងរកសម្ភារៈដើម្បីសម្រួលដល់ការហ្វឹកហាត់របស់បងប្អូន ។ ដូច្នេះសម្រាប់ការជួបឧបត្ថមនាពេលនេះ យើងធ្វើឡើងជាមួយជំហ៊ានៗសិន សម្រាប់ចែកជូនដល់អត្តពលិកដែលមានតម្រូវការចាំបាច់ មិនអាចផ្តល់ជូនបានគ្រប់គ្នានោះទេ ។

 

ហេតុដូចនេះ អ្វីដែលយើងអាចប្រើប្រាស់ក្នុងការហ្វឹកហាត់បាន គួរតែនាំគ្នាបន្តប្រើប្រាស់សិន ព្រោះថាពេលខ្លះរបស់ចាស់ អាចមានភាពស្និតស្នាលស្រួលប្រើជាងរបស់ថ្មី មិនមែនទាល់តែសម្ភារៈថ្មី មានតម្លៃថ្លៃទើបយើងអាចទទួលបានជោគជ័យនោះទេ តែត្រូវគួបផ្សំជាមួយការតាំងចិត្ត អំណត់អត់ធន់ទើបអាចឈានទៅសម្រាច់ជោគជ័យបាន» ។ 


ឯកឧត្តម ហ៊ុន ម៉ានី ក៏បានក្រើនរំលឹកទៅកាន់កីឡាករ-កីឡាការិនី ត្រូវខិតខំហ្វឹកហាត់ទាំងបច្ចេកទេស និងស្មារតី ដើម្បីឲ្យស្គាល់ចិត្តជាមួយឧបករណ៍ដែលយើងកំពុងមានក្នុងដៃ, ក្នុងនាមជាម្ចាស់ផ្ទះការប្រកួត ដើម្បីយកមេដាយបន្តទៀត ។ 

 

សូមជម្រាប់ថា សម្រាប់សម្ភារៈដែលឯកឧត្តម ហ៊ុន ម៉ានី នាំយកទៅផ្តល់ជូនដល់អត្តពលិកពិការ រួមមាន សម្ភារៈហ្វឹកហាត់ បាល់សម្រាប់អត្តពលិកពិការភ្នែក (Goal Balls) ១ឈុត, បាល់ប៊ូស្យា (ទម្ងន់ទន់,ទម្ងន់មធ្យម) ២ឈុត និងរទេះកីឡាករ ចំនួន ៥រទេះ រួមជាមួយសម្ភារៈបរិភោគ និងសម្លៀកបំពាកមួយចំនួនផងដែរ៕

 

 

អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025